ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានស្ត្រី០១នាក់ សត្វគោ០១ក្បាល បានបាត់បង់ជីវិត និងមនុស្សចំនួន០៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ដោយគ្រោះធម្មជាតិរន្ទះបាញ់ក្នុងពេលតែមួយ ២ករណីដោយឡែកពីគ្នា នៅឃុំណាំតៅ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ករណីទី០១ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ លាឡំនិងផ្គររន្ទះយ៉ាងខ្លាំង នៅវាលថ្មពិលចម្ងាយប្រហែល៥ គ.ម ខាងលិចភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ខណៈនោះ មានប្រជាពលរដ្ឋ ចំនួន០៥នាក់ បានទៅភ្ជួរស្រែនិងព្រួសស្រូវ នៅវាលថ្មពិលនោះ ។ដោយឃើញពីសភាពមេឃមានដុំពពកខ្មៅនិងមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋដែលទៅភ្ជួរនិងព្រួសស្រូវទាំងនោះ បាននាំគ្នាទទូសំពត់ភ្លៀង នៅក្បែរគោយន្តកន្ត្រៃដែលបើកទៅស្រែ រំពិចនោះស្រាប់តែរន្ទះបានបាញ់ បណ្តាលស្ត្រី០១នាក់ស្លាប់និង០៤នាក់ទៀតរងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុក ។
លោកអធិការបានបញ្ជាក់ថា៖ជនរងគ្រោះ ក្នុងហេតុការណ៍រន្ទះបាញ់ មាន៖
១-ឈ្មោះន សាលន ភេទស្រី អាយុ២៥ឆ្នាំស្លាប់),
២-ឈ្មោះ ម៉ាន មាស់ ភេទប្រុស អាយុ៣១ឆ្នាំ (របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ),
៣-ឈ្មោះ លឿន រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ (របួសជើងខាងឆ្វេងស្រាល),
៤-ឈ្មោះ ឌួង វណ្ណា ភេទប្រុស អាយុ១៣ឆ្នាំ (របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ),
៥-ឈ្មោះបូស សៀវឡី ភេទស្រី អាយុ៣ឆ្នាំ(របួសស្រាល)
អ្នករងរបួស ធ្ងន់ ស្រាលនិងស្លាប់ស្ត្រី ១នាក់ មានទីលំនៅភូមិ នៅភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានឲ្យដឹងទៀតថា៖ករណីទី០២ នៅវេលាម៉ោង០២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១នេះដែរ មានភ្លៀងផ្គររន្ទះ នៅត្រពាំងស្មាច់ ខាងលិចភូមិតាគង់ ឃុំណាំតៅ ប្រហែល១គីឡូរន្ទះបានបាញ់សត្វគោ០១ក្បាលកំពុងស៊ីស្មៅ បណ្តាលឲ្យងាប់ ។ម្ចាស់គោឈ្មោះជិម សាឃឿត ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់