ព័ត៌មានជាតិ

សមាជិកក្រុមប្រឹក្សាឃុំម្នាក់ ឡើងដើមដូង បណ្តាលឲ្យធ្លាក់ស្លាប់មួយរំពេច នៅកន្លែងកើតហេតុ

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាឃុំណាំតៅ០១នាក់ បានបាត់បង់ជីវិត ខណ:ឡើងដើមដូងធ្លាក់​កម្ពស់ជិត១០ម៉ែត្រ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៥និង២០នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅភូមិកន្ទួត ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សូ ហុញ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកន្ទួត ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មុខងារជាសមាជិកក្រុមប្រឹក្សាឃុំណាំតៅ ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានមកពីផ្ទះរបស់ខ្លួនជិះម៉ូតូមកផ្ទះឪពុក ដើម្បីឡើងកាប់ដើមដូង ។ នៅពេលដែលឡើងនោះ ជនរងគ្រោះបានកាន់កាំបិតខ្វែវ ពេលដល់កដូងបានទាញធាងដូង ដែលងាប់ទម្លាក់មកដី យកផ្លូវឡើងក៏ស្រាប់តែធាងដូងដែលងាប់របេះ ជនរងគ្រោះក៏របូតដៃដែលឱបដើមដូងនោះធ្លាក់មកជាមួយត្រូវនឹងរបងព្រំដី មួយកន្លែងចំដើមទ្រូង និងមួយកន្លែងទៀត ត្រូវសៀតថ្កាស្លាប់ភ្លាមៗនៅនឹងកន្លែង ។ សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់