ព័ត៌មានជាតិ

ករណីរន្ទះបាញ់ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ សត្វគោ១ក្បាលងាប់ និងមនុស្ស៤នាក់ផ្សេងទៀត រងរបួសធ្ងន់

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានស្ត្រីម្នាក់ សត្វគោ០១ក្បាល បានបាត់បង់ជីវិត និងមនុស្សចំនួន០៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល ដោយគ្រោះធម្មជាតិ រន្ទះបាញ់ក្នុងពេលតែមួយ ២ករណីដោយឡែកពីគ្នា នៅឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ករណីទី០១ នៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់លាឡំនិងផ្គររន្ទះយ៉ាងខ្លាំង នៅវាលថ្មពិលចម្ងាយប្រហែល៥ គ.ម ខាងលិចភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ខណ:នោះ មានប្រជាពលរដ្ឋ ចំនួន០៥នាក់ បានទៅភ្ជួរស្រែ និងព្រួសស្រូវ នៅវាលថ្មពិលនោះ ។ ដោយឃើញពីសភាពមេឃមានដុំពពកខ្មៅ និងមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋដែលទៅភ្ជួរ និងព្រួសស្រូវទាំងនោះ បាននាំគ្នាទទូរសំពត់ភ្លៀង នៅក្បែរគោយន្តកន្ត្រៃ ដែលបើកទៅស្រែ រំពេចនោះស្រាប់តែរន្ទះបានបាញ់ បណ្តាលស្ត្រីម្នាក់ស្លាប់និង០៤នាក់ទៀតរងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុក ។

លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះ ក្នុងហេតុការណ៍រន្ទះបាញ់ មាន៖១-ឈ្មោះន សាលន ភេទស្រី អាយុ២៥ឆ្នាំស្លាប់)​,២-ឈ្មោះ ម៉ាន មាស់ ភេទប្រុស អាយុ៣១ឆ្នាំ (របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ),៣-ឈ្មោះ លឿន រតន: ភេទប្រុស អាយុ៣១ឆ្នាំ (របួសជើងខាងឆ្វេងស្រាល),៤-ឈ្មោះ ឌួង វណ្ណា ភេទប្រុស អាយុ១៣ឆ្នាំ (របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ),៥-ឈ្មោះ បូស សៀវឡី ភេទស្រី អាយុ៣ឆ្នាំ (របួសស្រាល) -អ្នករងរបួស ធ្ងន់ ស្រាលនិងស្លាប់ស្ត្រីម្នាក់ មានទីលំនៅភូមិ នៅភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានឲ្យដឹងទៀតថា ករណីទី០២ នៅវេលាម៉ោង០២និង១៥នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះដែរ មានភ្លៀងផ្គររន្ទះ នៅត្រពាំងស្មាច់ ខាងលិចភូមិតាគង់ ឃុំណាំតៅ ប្រហែល១គីឡូរន្ទះបានបាញ់សត្វគោ០១ក្បាលកំពុងស៊ីស្មៅ បណ្តាលឲ្យងាប់ ។ ម្ចាស់គោឈ្មោះ ជិម សាឃឿត ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៕

មតិយោបល់