ព័ត៌មានជាតិ

មេខ្យល់ចំនួន ២នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មេខ្យល់ចំនួន ០២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខណ:ពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ១០នាក់ ក្នុងនោះស្រី ចំនួន ០៥នាក់ ត្រង់ចំនុចភូមិសាស្ត្រ អូរព្រំដែន ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បាន ចាត់តាំង លោក វរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងផ្នែកសឹករងម៉ាឡៃ ផ្នែកសឹករងប៉ោយប៉ែត និងកងរាជអាវុធហត្ថស្រុក ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង វេលាម៉ោង ១២:៣០នាទី យប់ ថៃ្ងទី១៤ ខែឧសភា ឆ្នាំ២០២១ ខណ:លោក វរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង កំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួប មេខ្យល់ចំនួន ០២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្តង ។
សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវឃាត់ខ្លួន ទី១ ឈ្មោះ វណ្ណ: វណ្ណ ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅ ភូមិ តាគ្រី ឃុំ គ្រី ស្រុកកម្រៀង ខេត្តបាត់ដំបង និងទី២ ឈ្មោះ អៀន ហ៊េន ភេទ ប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិ ជ្រៃ ឃុំ បឹងបេង ស្រុកម៉ាឡៃ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ ស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ។ ចំណែកឯពលករទាំង ១០នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ៕

មតិយោបល់