ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

ភ្នំពេញ: នៅម៉ោង២រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងក្រាមពណ៌សថ្លា២៧កញ្ចប់ (ប្រភេទម៉ាទឹកកក)។

ជនសង្ស័យទាំង៨នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តគ្នា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅបីចំណុចគោលដៅផ្សេងគ្នា ជនសង្ស័យទាំងនោះមានឈ្មោះដូចជា ១ឈ្មោះ សាន្ត សាទ ភេទប្រុស អាយុ៣៧ឆ្នាំ ២ឈ្មោះ ឆាយ សុគា ហៅស្វា ភេទប្រុស អាយុ២០ឆ្នាំ ៣ឈ្មោះ សេន ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៣ រសៀល នៅចំណុចផ្ទះគ្មានលេខ ក្រុមទី១៧ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនឹងដកហូតក្រាមពណ៌សថ្លា៥កញ្ចប់ (ប្រភេទម៉ាទឹកកក)។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ខាងលើយកមកសួរនាំរួចមក នៅវេលាម៉ោង៣និង៥០នាទីថ្ងៃដដែល អាវុធហត្ថខណ្ឌមានជ័យ បានបន្តសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ បន្តរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ទៀត ដែលជាបក្ខពួកតែមួយ រួមនឹងដកហូតក្រាមពណ៌សថ្លា ១៧កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុចបន្ទប់ជួលលេខ១១៦និង១១៧ ផ្ទះសំណាក់យីហោ ច័ន្ទ គ្រឹះស្នា ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យ៣នាក់នេះមានឈ្មោះ ១ឈ្មោះ ហាក់ វីរ: ហៅតូ ភេទប្រុស អាយុ៣២ឆ្នាំ ២ឈ្មោះ វណ្ណ ពិសី ភេទស្រី អាយុ១៨ឆ្នាំ និងទី៣ឈ្មោះ សេង កុម្ភ: ហៅពែក ភេទប្រុស អាយុ៣១ឆ្នាំ។

លុះដល់វេលាម៉ោង៤និង៥០នាទី ថ្ងៃដដែល នៅចំណុចផ្ទះគ្មានលេខ ភូមិចម្រើនផល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ ខាងលើ ដែលជាបក្ខពួក អាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត រួមនឹងដកហូតក្រាមពណ៌សថ្លា៥កញ្ចប់(ប្រភេទម៉ាទឹកកក) ជនសង្ស័យទាំង២នាក់ ម្នាក់មានឈ្មោះ សុខ សុផា ភេទប្រុស អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ គ្រេន ពិសិដ្ឋ ហៅបារាំង ភេទប្រុស អាយុ២៩ឆ្នាំ៕

មតិយោបល់