ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ផ្សារថ្មី៣បង្រ្កាបក្រុមស្ទាវប្រើប្រាស់គ្រឿងញៀន១១នាក់

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មី៣បានបើកយុទ្ធនាការចេញចាប់ប្រមូលក្រុមជនញៀនថ្នាំបានចំនួន១១នាក់ ដែលពួនសង្ងំជក់គ្រឿងញៀនយ៉ាងអនាធិបតិយ្យនៅប្លុកតាន់ប៉ា បង្កឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះមានការភ័យខ្លាច ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះទៅបង្រ្កាបជាក់ស្តែងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក កុល ខាន់ណារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បានឲ្យដឹងថា បន្ទាប់ពីប្រជាជនដែលរស់នៅប្លុកតាន់ប៉ា ភូមិ៦-៧-៨ក្នុងផ្សារសូរិយាម៉ល និងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ បានរាយការណ៍ពីការភ័យខ្លាច និងក្រុមស្ទាវប្រើប្រាស់គ្រឿងញៀនទាំងនោះមានប្រុសស្រីជាច្រើននាក់តែងតែនាំគ្នាមកពពាក់ពពូន និងជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ ហើយត្រូវបានលោកដឹកនាំកម្លាំងផ្ទាល់ចុះបង្រ្កាបទីតាំងខាងលើនេះជាក់ស្តែង ជាលិទ្ធផលឃាត់ខ្លួនជាសង្ស័យប្រុសស្រីបាន១១នាក់ ក្នុងនោះស្រី៥នាក់រួមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ។

ក្រោយប្រតិបត្តិការណ៍ខាងលើនេះ ជនសង្ស័យ១១នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដឹកបញ្ចូនទៅសាលាខណ្ឌដូនពេញ ដើម្បីបញ្ចូនបន្តទៅមន្ទីរសង្គមកិច្ចធ្វើការអប់រំ៕

មតិយោបល់