ព័ត៌មានជាតិ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្រាយបំភ្លឺ អំពី គយ ហុងកុង បានរឹបអូសឈើដែលគេសង្ស័យថាមានចំនួន ៧កុងតីន័រ ទម្ងន់ប្រមាណ ២១១តោន

 

 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅលើ
បណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួន បានចុះផ្សព្វផ្សាយព័ត៌មានថា គយ ហុងកុងបានរឹបអូសឈើដែលគេសង្ស័យថាមានចំនួន ៧កុងតីន័រ ទម្ងន់ប្រមាណ ២១១តោន ជាប្រភេទឈើរងការគំរាមកំហែងដែលមានតម្លៃទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង (១៤០ ០០០ដុល្លារសហរដ្ឋអាមេរិក) នៅកន្លែងត្រួតពិនិត្យទំនិញគយក្នុងកំពង់ផែ Kwai chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ដែលជាឈើគ្មានលិខិតអនុញ្ញាតឱ្យធ្វើការនាំចេញពីកម្ពុជាឡើយ (ឈើរត់ពន្ធ)។

ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជួន
សាធារណជនជ្រាបថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលបានរៀបចំបំពេញបែបបទនាំចេញប្រភេទឈើរងការគំរាមកំហែងជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ឬហុងកុងនោះទេ។ ដូចនេះ ះក្នុងករណីព័ត៌មានដែលគយ ហុងកុង បានចាប់ឃាត់ឈើនាំចេញពីកម្ពុជាជាការពិតមែននោះ គឺជាករណីនាំចេញឈើឌុសច្បាប់ (រត់ពន្ធឈើខុសច្បាប់)។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងយកចិត្តទុកដាក់ធ្វើការអង្កេតស្រាវជ្រាវលើករណីនេះ ដោយសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកការពិត ព្រមទាំងរកអ្នកប្រព្រឹត្តបទល្មើស និងអ្នកពាក់ព័ន្ធមកទទួលទោសតាមច្បាប់ជាធរមាន។

មតិយោបល់