ព័ត៌មានជាតិ

ព្រុស ធ្លាក់ភ្នែករត់ទៅអោបបង្គោលភ្លើង ខ្ទេចក្បាលខាងមុខ

ភ្នំពេញៈ បុរសម្នាក់ស្រវឹងបើកបររថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន និងរេពេញផ្លូវ រួចក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យរងការខូចខាត ហើយនៅមិនទាន់អស់ល្បឿនក៏រេទៅបុកបង្គោលភ្លើងមួយដើមទៀត តែសំណាងដែលមិនបង្កឲ្យមាននាក់រងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបណ្តោយផ្លូវ២០០២ ក្បែររោងចក្រកាត់ដេ(LA) ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-0477 ដែលធ្វើដំណើរតាមបណ្តោយផ្លូវ២០០២ ក្នុងទិសដៅពីលិចទៅកើតនិងក្នុងល្បឿនលឿន ដោយបើកបរក្នុងស្ថានភាពស្រវឹងបើករេពេញផ្លូវ លុះមកដល់ចំណុចក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាប៊ីត ពណ៌ស លាយខ្មៅ មិនចាំស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យម៉ូតូរងការខូចខាតបែក កង់ទ័រ ម៉ាស៉ីន តែរថយន្តនៅមិនទាន់អស់ល្បឿនក៏រេចង្កូតទៅខាងស្តាំជ្រុលទៅបុកបង្គោលភ្លើងមួយដើម ដែលនៅលើខឿនតាមចិញ្ចើមផ្លូវបន្ថែមទៀត បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នកណារបួសនេះទេ ។

ក្រោយពេលកើតហេតុ ក៏មានតំណាងភាគីខាងរថយន្ត បានចេញមុខមកដោះស្រាយដោយព្រមយកម៉ូតូរងគ្រោះទៅជួសជុល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយដោយរថយន្តមិនបង្កឲ្យមានសម្បត្តិរដ្ឋរងការខូចខាតសមត្ថកិច្ចក៏ឲ្យម្ចាស់រថយន្តធ្វើការស្ទួចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់