កោះតៃវ៉ាន់ដែលធ្លាប់ធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ដោយពុំមានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេលជាង២០០ថ្ងៃជាប់ៗគ្នាកាលពីឆ្នាំទៅនោះ ពេលនេះកំពុងបិទខ្ទប់ផ្នែកខ្លះនៃតំបន់របស់ខ្លួនជាលើកទី១ ចាប់តាំងពីជំងឺរាតត្បាតជាសាកលនេះកើតមានឡើង ដើម្បីទប់ទល់នឹងការផ្ទុះរាតត្បាតឆ្លងនៃជំងឺនេះ។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតរបស់រដ្ឋាភិបាលតៃវ៉ាន់បានប្រកាសថា ខ្លួនបានរកឃើញអ្នកឆ្លងចំនួនជាង ១.២០០ករណី រវាងពីថ្ងៃសុក្រសបា្តហ៍មុន រហូតដល់ថ្ងៃពុធម្សិលមិញនេះ ដែលក្នុងនោះក៏រួមមានករណីអ្នកឆ្លងសរុបប្រចាំថ្ងៃចំនួន ៣៣៣នាក់ ដែលមិនធ្លាប់កើតមាននៅតៃវ៉ាន់។ ក្រុមមន្ត្រីនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតកោះតៃវ៉ាន់ លើកឡើងថា អ្នកបើកយន្តហោះដឹកទំនិញ បានឆ្លងជំងឺកូវីដ១៩ កាលពីពាក់កណ្តាលខែមេសា ហើយបន្ទាប់មកទៀត ជំងឺនេះបានឆ្លងទៅដល់ទីតាំង «បាររាំ» មួយចំនួនក្នុងតំបន់ប្រជុំជនដែលមានមនុស្សអ៊ូអរនៃក្រុងតៃប៉ិ។ ជាងពាក់កណ្តាលនៃអ្នកឆ្លង ២៦០នាក់ដែលរកឃើញកាលពីថ្ងៃអង្គារ មានជាប់ពាក់ព័ន្ធពីតំបន់បាររាំនោះ។
ប្រសិនបើករណីឆ្លងប្រចាំថ្ងៃនៅតែលើសពី១០០នាក់ក្នុងមួយថ្ងៃ នោះរដ្ឋាភិបាលកោះតៃវ៉ាន់នឹងពិចារណាបិទខ្ទប់កាន់តែខ្លាំងជាងនេះ ដោយតម្រូវឱ្យមនុស្សគ្រប់គ្នាត្រូវតែស្ថិតនៅក្នុងផ្ទះជាចាំបាច់ លើកលែងតែក្នុងករណីចាំបាច់តែប៉ុណ្ណោះ ។
ទោះបីជាពេលនេះ ការចេញក្រៅផ្ទះនៅមិនទាន់មានការហាមឃាត់ក៏ដោយ ក៏មនុស្សជាច្រើន បានប្រើប្រាស់បណ្តាញសង្គមកាលពីចុងសប្តាហ៍កន្លងទៅ ដោយស្នើឲ្យក្រុមគ្រួសារសាច់ញាតិ មិត្តភក្តិ របស់គេ ស្ថិតនៅក្នុងផ្ទះ ក្នុងស្ថានភាពបែបនេះ៕
មតិយោបល់