យោងតាមប្រសាសន៍ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ របស់យោធភូមិភាគពិសេស បានបន្តចុះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាពលរដ្ឋ ៤គោលដៅ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ដែលបានអនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងអនុវត្តតាមបទបញ្ជា មេបញ្ជាការកងទ័ពជើងគោក។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ក៏បានណែនាំដល់ ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវយកចិត្តទុកដាក់ធ្វើការ សហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ទាំង៣សង្កាត់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រព្រឹត្តទៅរលូនតាមផែនការ និងមានសណ្តាប់ធ្នាប់របៀបរៀបរយតាមលក្ខណៈបច្ចេកទេស ធានាសុវត្ថិភាពមិនឲ្យមានការឆ្លងមេរោគកូវីដ-១៩នៅទីតាំងចាក់វ៉ាក់សាំងមកដល់ក្រុមការងារ និងប្រជាពលរដ្ឋដែលបានមកទទួលវ៉ាក់សាំង។
ឧត្តមសេនិយ៍ឯក ពូ សាប៊ុតឌី បានអនុញ្ញាតឱ្យប្រធានគោលដៅទាំង៣ ខណ្ឌ ចែកប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលបានចាក់ ដូសទី១រួច និងបន្តចាក់ដូសទី២ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១នេះ។
សូមជម្រាបជូនថា ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩របស់យោធភូមិភាគពិសេស បានចូលរួមក្នុង យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១មក បានចំនួន ៧៤ ១៤៣នាក់ ខណៈដូសទី២ បានបន្តពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២១ ដល់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២១ បានចំនួន ១៨ ៩៤៩នាក់ ៕
មតិយោបល់