ព័ត៌មានជាតិ

ជម្លោះ​រវាង​​​ប៉ាឡេស្ទីន​ និង​អ៊ីស្រាអែល​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​​និង​រងការខូចខាតយ៉ាង​ច្រើន​​​​ក្នុង​តំបន់ ​Gaza

កាល​ពី​ដើម​សប្តាហ៍​នេះ ទីភ្នាក់ងារ​នានា​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ស្ថានភាព​ក្នុង​តំបន់ Gaza នៅតែ​ដុនដាបត​ទៅ​ទៀត​ក្នុង​វិបត្តិ​រវាងជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ នៅក្នុង​តំបន់​ Gaza នេះ មាន​សេចក្តីរាយការណ៍​ថា​មនុស្សប្រមាណ​២០០នាក់ត្រូវ​បាន​សម្លាប់ ហើយ​ជាង​៦.០០០​នាក់​ទៀត​បាន​ត្រូវ​របួស មក​ទល់​នឹង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ។ មនុស្ស​២០នាក់ត្រូវ​បានសម្លាប់​ក្នុង​តំបន់​West Bank ហើយ​ការ​វាយ​ប្រហារ​ដោយរ៉ុក្កែតប៉ាឡេស្ទីនទៅ​ក្នុង​តំបន់​មាន​មនុស្ស​រស់​នៅ​នៃ​ប្រទេសអ៊ីស្រាអែលត្រូវ​រាយការណ៍ថាថា​បាន​សម្លាប់​មនុស្ស​១០​នាក់​ហើយ​ធ្វើ​ឱ្យ​របួស​៨០០នាក់ផង​ដែរ។

ការិយាល័យសម្របសម្រួល​កិច្ចការមនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​ហៅ កាត់ថា OCHA​និយាយ​ថា​ខ្លួន​ស្វាគមន៍សេចក្តី​សម្រេច​របស់អ៊ីស្រាអែលក្នុង​ការ​បើក​កន្លែង​ឆ្លង​កាត់​ព្រំដែន Kerem Shalom ដើម្បី​អនុញ្ញាត​ឱ្យ​ជំនួយ​មនុស្សធម៌​សំខាន់​ចាំ​បាច់​ចូលទៅ​ក្នុង​តំបន់ Gaza។ ការិយាល័យ​នេះ​ក៏​បាន​សុំ​ឱ្យ​អ៊ីស្រាអែល​បើកកន្លែង​ឆ្លងកាត់​ព្រំដែន Erez ដែរ​ដើម្បី​ឱ្យ​បុគ្គលិកខាង​មនុស្សធម៌​ចាំបាច់​អាច​ចេញ​ចូល​ដែនដី​ប៉ាឡេស្ទីន​បាន។

OCHA និយាយ​ថាការ​ប្រយុទ្ធគ្នា​ខ្លាំង​ច្រើន​ថ្ងៃ​និង​ការ​បំផ្លាញ​ព្រមទាំងការ​ខូចខាត​ផ្ទះ​សម្បែង​និង​អគារ​រាប់​រយ​ខ្នងបាន​ធ្វើ​ឱ្យ​មនុស្ស​ជិត​៤៧.០០០​នាក់​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​ក្នុង​តំបន់ Gaza។ គេ​រាយការណ៍​ថា​ក្រុម​ជនទាំង​នេះបាន​ស្វះស្វែង​រក​ទី​ជ្រកកោន​ក្នុង​សាលាររៀន​៥៨​ដែល​ចាត់ចែង​កិច្ចការ​ដោយទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​ខាងជំនួយ​និង​ការងារ​ហៅ​កាត់​ថា​ UNRWA។

លោក Jens Laerke អ្នកនាំពាក្យ OCHA និយាយ​ថារោងចក្រ​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​សាប​ក្នុង​ប៉ែក​ខាងជើង​តំបន់ Gaza មិន​ទាន់មាន​ដំណើរការ​បាន​ទេ​ នាំ​ឱ្យ​មនុស្ស​២៥០.០០០​នាក់​គ្មានទឹក​បរិភោគ។

លោក Laerke បាននិយាយ​ថា៖ «សរុប​ទៅ​មាន​មនុស្ស​ប្រមាណ​៨​សែន​នាក់គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ទេ…សេចក្តី​ត្រូវការម្ហូបអាហារនិង​ប្រាក់កាស​ក៏​កើន​ជាង​មុន​ដែរ។​សកម្មភាព​នេសាទ​នៅ​តែ​ត្រូវ​ហាមប្រាមក្នុងលំហ​សមុទ្រ​ទល់មុខ​នឹង​ឆ្នេរ​តំបន់ Gaza។ អង្គការ​សហប្រជាជាតិ​ និង​ដៃគូ​មនុស្សធម៌​របស់​យើង​កំពុង​ផ្តល់​ម្ហូបអាហារ​និងវត្ថុប្រើប្រាស់​ជូនក្រុមគ្រួសារ​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែងក្នុង​តំបន់ Gaza និងជំនួយ​ប្រាក់កាស​ជា​បន្ទាន់ដល់​មនុស្ស​ជាង​៥២.០០០​នាក់»។

 

មតិយោបល់