ព័ត៌មានជាតិ

លោកស្នងការខេត្តព្រៃវែងនាំយកអំណោយចែកជូនពលរដ្ឋជួបការខ្វះខាតចំនួន១៣គ្រួសារ

ព្រៃវែងៈ នៅព្រឹកថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៦ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច និងសហការីបានយកអំណោយមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅចែកជូនដល់គ្រួសារសម្រាលកូន និងគ្រួសារស្លាប់សរុបចំនួន១៣គ្រួសារ ក្នុងមាន ភូមិក្តឿងរាយ គ្រួសារស្លាប់ចំនួន៣គ្រួសារ និងគ្រួសារសម្រាលកូន២គ្រួសារ ភូមិពានាផ្សារសម្រាលកូនចំនួន១គ្រួសារ ភូមិសាឡូង សម្រាលកូនចំនួន៣ គ្រួសារ ភូមិល្ងើនសម្រាលកូន១គ្រួសារ នៅភូមិពោធិតូច គ្រួសារស្លាប់១ គ្រួសារ ភូមិសំរោងគ្រួសារ ស្លាប់ចំនួន១គ្រួសារ និងគ្រួសារសម្រាលកូនចំនួន ១ សរុប១៣ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន ២០០.០០០ រៀល សរុប១៣ គ្រួសារ ស្មើរទឹកប្រាក់ ២.៦០០.០០០ រៀល។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ស្នងការបានសំណេះសំណាលជាមួយបងប្អូនទាំង១៣គ្រួសារ សូមឲ្យបងប្អូនថែទាំសុខភាព លោកឧត្តមសេនីយ៍ស្នងការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេច តែងតែព្រួយបារម្មណ៍ពីសុខទុក្ខការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត របស់ពុកម៉ែបងប្អូន ដោយក្នុងរដូវវស្សានេះ សម្តេចក្រឡាហោមមានការព្រួយបារម្មណ៍ បងប្អូនប្រជាពលរដ្ឋជួបនូវបញ្ហាខ្យល់កន្ទាក់ និងរន្ទះ សម្តេចបានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកម្លាំងនៅមូលដ្ឋានផ្ទាល់ ឲ្យចុះពិនិត្យមើលពីស្ថានភាពជាក់ស្តែងនូវកង្វះខាត ទឹករបស់ បងប្អូន និងជួយដោះស្រាយជូនភ្លាមៗ គ្រប់មធ្យោបាយ។ ដោយចាត់ទុក សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាសុខទុក្ខរបស់សម្តេចដោយសម្តេចមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ជួបគ្រោះ ការខ្វះខាតជម្រកស្នាក់នៅ និងទទួលទាននោះឡើយ ជាពិសេសស្រ្តីមេម៉ាយ ចាស់ជរា និងជនពិការ។

លោកឧត្តមសេនីយ៍ស្នងការសូមឲ្យបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកការអូសទាញពីក្រុមក្តាប់តូច កំពុងដើរប្រមូលស្នាមមេដៃ ឲ្យបងប្អូនផ្តិត ដើម្បីយកទៅសុំធ្វើផ្លូវថ្នល់ និងតែងតែបំផុស ប្រជាពលរដ្ឋ កម្មករ ចូលរួមធ្វើបាតុកម្មយ៉ាងអាណាធិបតេយ្យ ដោយមិនគោរពច្បាប់។ លោកឧត្តមសេនីយ៍ស្នងការបានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីឲ្យបានគ្រប់ៗគ្នា៕

មតិយោបល់