ព័ត៌មានជាតិ

ចិន​បាន​បដិសេធ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សហរដ្ឋអាមេរិក​ដែល​និយាយថា និយោជិត​​នៃ​មន្ទីរពិសោធន៍​វូ​ហាន​បាន​ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ​មុនពេល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩

​កាលពី​ថ្ងៃ​ចន្ទ ក្រសួងការបរទេស​ចិន​បាន​បដិសេធ​ចំពោះ​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សហរដ្ឋអាមេរិក​ដែល​បាន​លើកឡើងថា និយោជិត​ចំនួន ៣​នាក់​នៃ​មន្ទីរពិសោធន៍​វូ​ហាន​បាន​ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ​មុនពេល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​កាសែត The Wall Street Journal (WSJ) បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ដោយ​ដកស្រង់​ទិន្នន័យ​ស៊ើបការណ៍​ថា បុគ្គលិក​មន្ទីរពិសោធន៍​វូ​ហាន​ចំនួន ៣​នាក់​មាន​ជំងឺ​ធ្ងន់ធ្ងរ​កាលពី​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែល​ពួកគេ​បាន​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ ដែល​យោងទៅតាម​ការរាយការណ៍​របស់​កាសែត​នេះ​គួរតែ​គាំទ្រ​ដល់​សម្មតិកម្ម​ដែលថា វីរុស​ជំងឺ​កូ​វីដ​-១៩ អាចមាន​ប្រភពដើម​នៅក្នុង​ប្រទេស​ចិន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា «​មន្ទីរពិសោធន៍​វូ​ហាន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ដែល​បាន​បញ្ជាក់ថា មន្ទីរពិសោធន៍​វូ​ហាន​មិនបាន​ជួបប្រទះ​នូវ​ករណី​ណាមួយ​នៃ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស​ទេ​រហូតដល់​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩»​។ សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា គិត​ត្រឹម​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នៅ​ឆ្នាំ ២០២១ មិនមាន​និយោជិត​ណា​ម្នាក់​របស់​មន្ទីរពិសោធន៍​បាន​ឆ្លង​វីរុស​នេះ​ទេ ដូច្នេះ​ការបោះពុម្ពផ្សាយ​អំពី​ជំងឺ​របស់​និយោជិត​ចំនួន ៣ នាក់​របស់​មន្ទីរពិសោធន៍​វូ​ហាន គឺ​មិន​ពិត​នោះទេ​។​

​ករណី​ដំបូង​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​គេ​រាយការណ៍​កាលពី​ក្នុង​ខែធ្នូ ឆ្នាំ ២០១៩ នៅ​ទីក្រុង​វូ​ហាន ដែល​ស្ថិតនៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​ភាគ​ខាងកើត​ប្រទេស​ចិន​។ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ស្តីបន្ទោស​ចំពោះ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​ទៅលើ​ប្រទេស​ចិន​។​

​នៅក្នុង​ខែឧសភា​នេះ សមាជិកសភា​មកពី​សហគមន៍​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​បាន​និយាយថា ពួកគេ​បាន​រកឃើញ​ភស្តុតាង​ចាំបាច់​ដែលថា វីរុស​នេះ​អាច​ត្រូវបាន​លេច​ចេញពី​មន្ទីរពិសោធន៍​វូ​ហាន​។ មូលហេតុ​ចម្បង​ដែល​ពួកគេ​បានលើកឡើង គឺ​រោគសញ្ញា​ដែល​បង្ហាញ​ដោយ​បុគ្គលិក​មន្ទីរពិសោធន៍​ដែលមាន​ជម្ងឺ គឺមាន​ភាពស្រដៀងគ្នា​ទៅនឹង​រោគសញ្ញា​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​អ្នកជំងឺ​កូ​វីដ​-១៩ ហើយ​មន្ទីរពិសោធន៍​វូ​ហាន​មាន​ទំនាក់ទំនង​ទៅនឹង​យោធា​ចិន​៕

 

មតិយោបល់