ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសជាជនជាតិចិនម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនពេកដល់ផ្លូវបែកជាបួនមិនបង្អន់ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងហើយខ្ទាតទៅប៉ះរថយន្តដែរគេចតចោលនៅមុខផ្ទះបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-6181 បើកតាមបណ្តោយផ្លូវ១៨៣ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះដល់ចំណុចផ្លូវបែកជាបួនក៏មានបុរស២នាក់ជាសន្តិសុខបើកម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AK-1077 បើកតាមបណ្តោយផ្លូវ៤៣០ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏រថយន្តជនជាតិចិននោះបុកបណ្តាលឲ្យខ្ទាតទៅប៉ះរថយន្តហាយព្រីត ពណ៌ទឹកប្រាក់ មួយគ្រឿងទៀត ពាក់ស្លាកលេខ នគរបាល2-8193 បណ្តាលឲ្យកំពិតកាងខាងមុខហើយបង្កឲ្យសន្តិសុខម្នាក់រងរបួសស្រាល និងម្នាក់ទៀតធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងនិងម៉ូតូមួយគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់