ព័ត៌មានជាតិ

វត្តមាន​​ប្រមុខ​ការទូត​អាមេរិក​នៅ​តំបន់​ដើមបូព៌ា​​ធ្វើ​ឡើង ក្រោយ​ពី​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​បាន​ផ្ទុះ​សង្រ្គាម​

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល លោក​ប៊្លីនកិន​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ ហើយ​នៅ​ដែនដី​ប៉ាឡេស្ទីន លោក​ប៊្លីនកិន​ជួប​សន្ទនា​ជាមួយ​ប្រធាន​រដ្ឋអំណាច​លោក​ម៉ាម៉ូដ អាបាស់​មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប និង​ប្រទេស​ហ្សកដានី។ គ្មាន​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ដែល​អាមេរិក​បាន​ចាត់​ទុក​ជា​អង្គការ​ភេរវនិយម​ទេ។ កម្មវត្ថុ​សំខាន់​ជាង​គេ​របស់​លោក​ប៊្លីនកិន​នៅ​ចំពោះ​មុខ គឺ​ពង្រឹង​បទឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃទី២១ ឧសភា និង​ចង់​ឃើញ​បទឈប់បាញ់​មួយ​នេះ​មាន​រយៈពេល​យូរ។

គួរ​រម្លឹក​ថា គេ​ត្រូវ​រង់ចាំ​ការ​ផ្ទុះ​សង្រ្គាម​រវាង​កងទ័ព​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​រយៈពេល ១១ថ្ងៃ​ទើប​គេ​អាច​រក​បាន​បទឈប់បាញ់​មួយ​នេះ​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​អេហ្ស៊ីប​ដែល​គេ​ស្គាល់​ជា​តួអង្គ​អាជ្ញាកណ្តាល​ប្រពៃណី​នៃ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

តែ​អ្វី​ជា​ការ​កត់សម្គាល់ បទឈប់​បាញ់​ដែល​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​បាន​ទទួល​យក​នៅ​ជា​បទឈប់បាញ់​ផុយស្រួយ​នៅ​ឡើយ។ ផុយស្រួយ ព្រោះ​វា​មិន​បាន​បង្កប់​ដោយ​លក្ខខណ្ឌ​អ្វី​ទាំង​អស់ មាន​ន័យ​ថា សង្រ្គាម​អាច​នឹង​ផ្ទុះ​ជា​ថ្មី​នៅ​គ្រប់​ពេល​ទាំង​អស់​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស។ បើ​សរុប​ទៅ​មក​ដល់​ពេល​នេះ អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​បាន​ផ្ទុះ​សង្រ្គាម​នឹង​គ្នា​ចំនួន ៤ដង។

ក្រៅ​ពី​ចង់​ពង្រឹង​បទឈប់​បាញ់ និង​ចង់​ឃើញ​បទឈប់បាញ់​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាសប៉ាឡេស្ទីន​មាន​រយៈពេល​យូរ លោក​ប៊្លីនកិន​ក៏​និយាយ​ពី​ការ​ផ្តល់​ជំនួយ និង​ផែនការ​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ។

 

មតិយោបល់