ព័ត៌មានជាតិ

ប្រទេស​ជា​ច្រើន បាន​អំពាវនាវ​ឲ្យ​ WHO បន្ត​ធ្វើ​ការ​សិក្សា ស្រាវជ្រាវ​រក​ប្រភពដើម​របស់​វីរុសកូវីដ១៩

តើ​វីរុស​កូវីដ១៩ មាន​ប្រភព​មក​ពី​ណា​ពិត​ប្រាកដ តើ​វា​ឆ្លង​លើ​មនុស្ស​យ៉ាង​ម៉េច និង​ដោយ​របៀប​ណា​ទៅ? ទាំង​នេះ​សុទ្ធសឹង​ជា​សំណួរ​ដែល​នៅ​មិន​ទាន់​មាន​ចម្លើយ​ច្បាស់លាស់​នៅ​ឡើយ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​នា​ឱកាស​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើកទី៧៤ របស់​អង្គការ​សុខភាព​ពិភពលោក WHO ពេល​នេះ មាន​ប្រទេស​ជា​ច្រើន ក្នុង​នោះ​មាន​អាមេរិក អូស្រា្តលី ជប៉ុន ឬ​ព័រទុយហ្កាល់​បាន​ស្នើ​ឲ្យ WHO បើក​ការ​សិក្សា ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែម​ទៀត។ លោក​ហ្សេរ៉េមី កូនីឌី អ្នក​តំណាង​អាមេរិក​ដែល​ចូល​រួម​នៅ​ក្នុង​មហាសន្និបាត WHO បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​មាន​ការ​ស៊ើបអង្កេត​ដំណាក់ការ​ទី២ រឹងមាំ ពេញលេញ និង​ដឹកនាំ​ដោយ​ក្រុម​អ្នកជំនាញ​ឯករាជ្យ។

លោក​ហ្សេរ៉េមី កូនីឌី​បាន​យល់​ឃើញ​ថា ការ​សិក្សា ស្រាវជ្រាវ​នៅ​ក្នុង​ដំណាក់ការ​ទី២ គួរ​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​វិទ្យាសាស្រ្ត និង​ឯករាជ្យភាព។ តាម​អ្នក​តំណាង​អាមេរិក​រូប​នេះ​ដដែល គោលដៅ​នៃ​ការ​សិក្សា ស្រាវជ្រាវ​មិន​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​ទេ។ តែ​ដើម្បី​ស្វែង​យល់​ពី​ប្រភពដើម និង​ការ​ចម្លង​របស់​វីរុស​កូវីដ១៩ ក្នុង​ការ​ជួយ​ពិភពលោក​កុំ​ជួប​រឿង​នេះ​ជា​ថ្មី​នា​ពេល​ខាង​មុខ។ ដោយឡែក ក្រុម​អ្នកជំនាញ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​បន្ត​ការ​ស្រាវជ្រាវ​លើ​សម្មតិកម្ម​សំខាន់ និង​លើ​សេណារីយ៉ូ​ផ្សេង​ទៀត។ តែ​សេណារីយ៉ូ​មួយ​ដែល​ក្រុម​ជំនាញ​យល់​ថា​មិន​គួរ​ចាប់​អារម្មណ៍ គឺ​វីរុស​ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍​ក្រុង​វូហាន។

ការ​លើក​ឡើង​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល និង​ត្រូវ​បាន​អគ្គនាយក WHO លោក​ទេដ្រូស​ធ្វើ​ការ​កែសម្រួល​ភ្លាមៗ​ដោយ​ធានា​ថា គ្មាន​សម្មតិកម្ម និង​សេណារីយ៉ូ​ណា​មួយ​ត្រូវ​បាន​ទាត់ចោល​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ទេដ្រូស​ឆ្លៀត​រិះគន់​ចិន​ពី​កង្វះ​តម្លាភាព​ក្នុង​ការ​បង្ហាញ​ទិន្នន័យ។ ចំណែក​ប្រធាន​គណៈប្រតិភូ​អ្នកវិទ្យាសាស្រ្ត​អន្តរជាតិ​លោក Peter Ben Embarek បាន​ឆ្លើយ​តប​វិញ​ថា នៅ​ចិន​ក៏​ដូច​ជា​នៅ​កន្លែង​ផ្សេង​ដែរ មាន​ទិន្នន័យ​ខ្លះ​មិន​អាច​ចែកចាយ​បាន​ទេ​ដោយសារ​ត្រូវ​គោរព​សិទ្ធិ​ជីវិត​ឯកជន។

គួរ​រម្លឹក​ថា របាយការណ៍​ផ្សព្វផ្សាយ​ក្នុង​ខែ​មីនា​របស់​ក្រុម​អ្នកជំនាញ WHO ដែល​បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ក្រុង​វូហាន​ដោយ​មាន​ការ​សហការ​ពី​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ចិន​ឲ្យ​ដឹង​ថា ប្រភពដើម​វីរុស​កូវីដ១៩ មាន​ពី​សត្វ​ប្រចៀវ រួច​ឆ្លង​ទៅ​សត្វ​មួយ​ទៀត មុន​នឹង​ឆ្លង​ទៅ​មនុស្ស។ តែ​គេ​នៅ​មិន​ដឹង​ច្បាស់​ថា តើ​សត្វ​មួយ​ទៀត​ហ្នឹង​ជា​សត្វ​អ្វី​ទេ៕

 

 

មតិយោបល់