ព័ត៌មានជាតិ

កូនអកត្តញូទើបចេញពីពន្ធនាគារបានជាង០២ខែ ខឹងម្តាយមិននៅផ្ទះ វាយបំផ្លាញពាងទឹកនិងដុតផ្ទះឆេះអស់គ្មានសល់

ខេត្តបន្ទាយមានជ័យ ៖ នគរបាលបានចាប់ឃាត់ខ្លួនកូនអកត្តញូម្នាក់ដែលខឹងនិងម្តាយមិននៅផ្ទះ វាយបំផ្លាញពាងទឹកបែកអស់ចំនួន១១ពាងនិងដុតផ្ទះឆេះអស់គ្មានសល់ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១ ស្ថិតតំបន់ម៉ក់ហ៊ឺន ក្នុងភូមិសាស្ត្រ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ជនបង្កឈ្មោះ ទី ចាន់រួន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ជននេះធ្លាប់ជាប់ពន្ធនាគារពីបទបង្កអំពើហឹង្សានៅក្នុង្រួសារ ហើយទើបចេញពីពន្ធនាគារបានជាង០២ខែ នៅមិនរាងចាលនោះឡើយ ។នៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១ ជនបង្ករូបនេះ បានខឹងនិងម្តាយរបស់ខ្លួនឈ្មោះ ធ ធួត ភេទស្រី អាយុ៦០ឆ្នាំ មិននៅផ្ទះ បានធ្វើសកម្មភាពយកកាំបិតខ្វែវវាយបំផ្លាញពាងទឹកបែកអស់ចំនួន១១ពាងរួចដុតបំផ្លាញផ្ទះទំហំ០៥មគុណ០៦ម ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និង សម្ភារៈមាន៖សូឡាចំនួន ០១ផ្ទាំង, ទូរទស្សន៍ចំនួន ០១គ្រឿង, អាគុយ(៤០ អំពែ) ចំនួន០១គ្រឿង, ម៉ូតូ ចំនួន ០២គ្រឿង, ស្រូវចំនួន ០២បាវ, អង្ករចំនួន ០១ ការុង, ទូរស័ព្ទចំនួន ០១ គ្រឿង,លុយចំនួន ២,០០០ បាត រួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផ្សេងទៀត ត្រូវឆេះអស់គ្មានសល់ ។

លោកអធិការបានបញ្ជាក់ថា៖ ជនបង្កជាមនុស្សប្រើប្រាស់គ្រឿងញៀន បច្ចុប្បន្នកម្លាំងជំនាញកំពុង រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់បន្តតាមនិតិវិធីច្បាប់ ៕

 

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់