ព័ត៌មានជាតិ

Update៖ យុវជនម្នាក់ ខ្ចីម៉ូតូអ៊ំប្រុសជិះទៅលេងឪពុកម្តាយនៅធ្វើស្រែ ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងប្រុសជំទង់ម្នាក់ បានបាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ខណៈពេលជិះម៉ូតូទៅលេងឪពុកម្តាយ នៅធ្វើស្រែ ឯស្រុកអូរជ្រៅ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបុកម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជា៣ (ផ្លូវវាងក្រុង) ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក គឺ មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ សត្យា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបត់ត្រង់ធំខាងកើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកនាយការិយាល័យនគរបាលចរាចរណ៍ បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ បានខ្ចីម៉ាកម៉ូតូហុងដាវ៉េវសេ110 ពាក់ផ្លាកលេខខេមរភូមិន្ទ07 1-2721 ជារបស់អ៊ំប្រុសធ្វើយោធា ក្នុងកងពលតូចថ្មើងលេខ៥៣ ដើម្បីជិះទៅលេងម្តាយឪពុក កំពុងធ្វើស្រែនៅឃុំកូប ស្រុកអូរជ្រៅ ដោយធ្វើដំណើរពីជើងទៅត្បូង ឡើងផ្លូវជាតិប្តូរគន្លងបត់ ទៅទិសខាងកើត ស្របពេលនោះមានរថយន្ត០១គ្រឿង LUXEX៣០០ ភ្នំពេញ.2L-4767 បើកបរផ្លូវត្រង់ក្នុងទិសដៅពីកើតទៅលិច បានបុកចំពីមុខម៉ូតូ បណ្តាលឲ្យជនរងគ្រោះខ្ទាតពីម៉ូតូ ស្លាប់ភ្លាមនៅនឹងកន្លែង អ្នកបើកបររថយន្ត ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។

វត្ថុតាង៖ ម៉ូតូខូចខាតធ្ងន់ផ្នែកខាងមុខ និងរថយន្តខូចខាងមុខផ្នែកខាងស្តាំស្រាល ។

លោកវរសេនីយ៍ឯក គី មករា បានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ខេត្ត បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ។ ចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តបើកមានល្បឿនលឿន រីឯអ្នកម៉ូតូមិនគោរពសិទ្ធិអាទិភាព មានពាក់មួកការពារសុវត្ថិភាព ។
សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ រង់ចាំធ្វើការដោះស្រាយនៅ ពេលក្រោយ ៕

មតិយោបល់