បន្ទាយមានជ័យៈ លោកអធិការរងស្រុកអូរជ្រៅ ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា នៅវេលាម៉ោង ២ និង ៥០ នាទីថ្ងៃទី២៧ ខែឧសភា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតទ្បើងរវាងរថយន្តតូច បុករថយន្តធំចតលើទ្រូងផ្លូវ ហើយរេចង្កូតទៅបុករថយន្តធំមួយទៀត ដែលមកពីទិសផ្ទុយគ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់ស្ត្រីម្នាក់។
ហេតុការណ៍នេះ បានកើតទ្បើងនៅកំណត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចចន្លោះគីទ្បូម៉ែត្រ៣៧៥ ទៅ៣៧៦ ស្ថិតនៅភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនដំបូងមានរថយន្តមួយគ្រឿង ម៉ាក កាមារី ពណ៌ស ផលិតឆ្នាំ១៩៩៣ ចង្កូតស្ដាំ ពាក់ស្លាកលេខ 2A4665 សៀមរាប បើកកបរដោយឈ្មោះ ឆេន រាជ ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិយាងដង្គំ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងអ្នករងរបួស ឈ្មោះ ភិន សុជឿន ភេទស្រី អាយុ ៣១ ឆ្នាំ បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់កន្លែងកើតហេតុ ក៏បុកជាមួយរថយន្តធំ ចតនៅលើទ្រូងផ្លូវ បែរក្បាលទៅទិសខាងកើត ម៉ាក កាម៉ាស់ ពណ៌ស ពាក់ស្លាកលេខ យ០០០៩ ភព៣ ហើយក៏រេចង្កូតទៅឆ្វេងបុករថយន្តមួយគ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៉ិច គ្មានស្លាកលេខ អ្នកបើកឈ្មោះ មិន បាន។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តកាម៉ាស់ ដែលចតនៅលើទ្រូងផ្លូវមានដាក់ និងបើកភ្លើងត្រឹមត្រូវ ។
នៅក្នុងហេតុការណ៍នេះ បានបង្កឲ្យរថយន្តកាមារីរងការខូចខាតធ្ងន់ និងរថយន្តពីរគ្រឿងទៀតខូចខាតស្រាល៕
មតិយោបល់