ព័ត៌មានជាតិ

អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ Fernando Torres ​នឹង​វិល​ពី​ចូលនិវត្តន៍​មកលេង​បាល់ទាត់​វិញ​

បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ Fernando Torres ត្រូវ​បាន​សារព័ត៌​មាន Dario AS ចុះផ្សាយ​ថា ​នឹង​វិល​ពី​ចូលនិវត្តន៍​មកលេង​បាល់ទាត់​វិញ​ ទោះ​ឈាន​ដល់​វ័យ ៣៧​ឆ្នាំ​ក៏ដោយ​។ ​អតីត​ខ្សែប្រយុទ្ធ Liverpool រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ​ពី​គំរោង​វិល​មក​លេង​បាល់ទាត់​វិញ តែ​លំអិត​យ៉ាងណា​គេ​នឹង​បកស្រាយ​នៅ​ពេល​ក្រោយ​។

​Fernando Torres បាន​ប្រកាស​ចូលនិវត្តន៍ ​ពី​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​កាលពី​ឆ្នាំ ២០១៩ ជាមួយ​ក្លិប​ជប៉ុន Sagan Tosu បន្ទាប់ពី​ចាកចេញ​ពី Atletico Madrid បាន​មួយ​ឆ្នាំ ហើយក៏​វិល​មក Atletico Madrid វិញទៀត​ តែ​ជាផ្នែក​មួយ​នៃ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ក្លិប​។ ​Fernando Torres ក៏​ជា​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន Atletico Madrid ដែរ​រហូត​បាន​ចូល​លេង​ក្រុម​ធំ​ មុន​ពេល​ផ្លាស់​ទៅកាន់​ហង្ស​ក្រហម Liverpool នៅ​ឆ្នាំ២០០៧​។

​​បន្ទាប់ពី ៤រដូវ​កាល​នៅ Anfield, Torres ក៏បាន​ផ្លាស់​ទៅកាន់​តោ​ខៀវ Chelsea ចំណាយ​ពេល ៤រដូវ​កាល​ផ្សេងទៀត​នៅ Stamford Bridge មុន​ពេល​ផ្លាស់​ទៅកាន់ AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ហើយក៏​ទិញ​ផ្តាច់​នៅ​រដូវ​កាល​បន្ទាប់​។ ​ក្រោយមក Fernando Torres ក៏បាន​ផ្លាស់​ត្រលប់​មកកាន់ Atletico Madrid វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី និង​ទិញ​ផ្តាច់​នៅ​ឆ្នាំ​២០១៦៕

មតិយោបល់