(រ៉យទ័រ) ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសចិនត្រូវបានបដិសេធមិនឲ្យចូលទៅក្នុងតុលាការទីក្រុងប៉េកាំងដែលមានការយាមយ៉ាងតឹងរឹង ដែលជាកន្លែងបើកសវនាការជំនុំជំរះក្តីអ្នកសរសេរប្លុកជនជាតិអូស្ត្រាលីលោក Yang Hengjun ដែលត្រូវចោទពីបទចារកម្ម ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែធ្លាក់ចុះ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសចិនលោក Graham Fletcher បានព្យាយាមចូលទៅក្នុងតុលាការប្រជាជនកម្រិតលេខ ២ របស់ទីក្រុងប៉េកាំងស្របតាមកិច្ចព្រមព្រៀងកុងស៊ុលរវាងប្រទេសទាំងពីរ។
លោក Fletcher បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា “ជាអកុសលយើងត្រូវបានបដិសេធមិនអោយចូលតុលាការនោះទេ។ មូលហេតុដែលផ្តល់អោយយើងគឺ ដោយសារតែស្ថានភាពមេរោគកូរ៉ូណារាតត្បាត ប៉ុន្តែក្រសួងការបរទេសក៏បានប្រាប់យើងផងដែរថា ព្រោះវាជាករណីសន្តិសុខជាតិដូច្នេះយើងមិនត្រូវអនុញ្ញាតឲ្យចូលរួមទេ” ។
“នេះជាការសោកស្តាយ គួរឱ្យបារម្ភ និងមិនពេញចិត្តយ៉ាងខ្លាំង។ យើងមានការព្រួយបារម្ភជាយូរមកហើយអំពីករណីនេះ រួមទាំងកង្វះតម្លាភាពហើយដូច្នេះបានសន្និដ្ឋានថាវាជាឧទាហរណ៍នៃការឃុំឃាំងដោយបំពាន” ។
ព័ត៌មានលម្អិតនៃករណីនេះត្រូវបានគេបិទបាំងដោយសម្ងាត់ ដែលមិនមានភ្នាក់ងារសារព័ត៌មានណាមួយដែលបានចេញផ្សាយថា លោក Yang ត្រូវបានចោទប្រកាន់ថាជាទីភ្នាក់ងារចារកម្មបានធ្វើសកម្មភាពអ្វីនោះទេ។ ប្រសិនបើត្រូវបានកាត់ទោសលោក Yang ប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងតិច ១០ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
លោក Yang គឺជាជនជាតិអូស្ត្រាលីមានដើមកំណើតនៅប្រទេសចិន ដែលកំពុងរស់នៅក្នុងទីក្រុងញូវយ៉កមុនពេលគាត់ត្រូវបានឃុំខ្លួនភ្លាមៗនៅក្នុងប្រទេសចិន។
កាលពីថ្ងៃសៅរ៍ ស្ថានទូតអូស្ត្រាលីបានត្អូញត្អែរថាអាជ្ញាធរចិនមិនបានផ្តល់ “ការពន្យល់ ឬភ័ស្តុតាងណាមួយសម្រាប់ការចោទប្រកាន់នេះទេ” ដែលជំរុញឲ្យមានការស្តីបន្ទោសពីស្ថានទូតចិននៅទីក្រុង Canberra រដ្ឋធានីអូស្ត្រាលី។
មេធាវីការពារសិទ្ធិមនុស្សលោក Mo Shaoping និងលោក Shang Baojun នឹងតំណាងលោក Yang នៅពេលដែលគាត់បង្ហាញខ្លួននៅក្នុងសវនាការនៅថ្ងៃព្រហស្បតិ៍នៅក្នុងតុលាការប្រជាជនកម្រិត លេខ ២ ទីក្រុងប៉េកាំងដែលត្រូវបានបិទមិនអោយសាធារណៈជនចូលរួម។
នគរបាលបានដាក់ពង្រាយនៅខាងមុខតុលាការ និងពង្រីកដល់តំបន់ជិតខាងទៀតហើយបានត្រួតពិនិត្យអត្តសញ្ញាណរបស់អ្នកសារព័ត៌មានដែលត្រូវបានបដិសេធមិនឱ្យចូល ៕
មតិយោបល់