ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែងជាង១៤គីឡូម៉ែត្រ

ប៉ៃលិនៈ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក កើត សុធា រួមដំណើរដោយមន្ដ្រីជំនាញជុំវិញខេត្តជាច្រើនរូប បានចុះត្រួតពិនិត្យមើលការដ្ឋានស្ថាបនា ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែមានប្រវែង១៤២៥០ម៉ែត្រ ដែលជាគម្រោងសាងសងបន្ទាន់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ឌិន គឹម ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឲ្យដឹងថា ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរ និងដោយមានការស្នើសុំពី អាជ្ញាធរស្រុក ឃុំ ខាងមន្ទីរបានដាក់លិខិតស្នើសុំទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការធ្វើផ្លូវជូនប្រជាពលរដ្ឋ។

លោកបានបន្តថា ផ្លូវដែលមានគម្រោងធ្វើឲ្យប្រជាពលរដ្ឋជាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ មានប្រវែង១៤២៥០ម៉ែត្រ ចាប់ពីផ្លូវបំបែកសាលារៀនពេជ្រគីរី ក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ឆ្លងកាត់ភូមិអណ្តូងថ្ម ភូមិវាលចែង ភូមិអូរ៧៥ ក្នុងឃុំអូអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាគម្រោង កសាងបន្ទាន់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយក៏ជាបន្ទុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ។

ឆ្លៀតក្នុងឱកាសនៃចុះត្រួតពិនិត្យផ្លូវមួយខ្សែនេះដែរ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលអាជ្ញាធរខេត្ត ក៏ដូចថ្នាក់ដឹកនាំមន្ទីរជំនាញ ខិតខំក្នុងការស្តារ និងអភិវឌ្ឍន៍ខេត្តប៉ៃលិន ជាងនេះទៀតយើងក៏មិនភ្លេចពីគុណបំណាច់របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមនយោបាយឈ្នះៗ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតែងតែគិតគូរពី សុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោកបន្តថា ផ្លូវលំមួយខ្សែនេះ ក៏ជាដង្ហើមសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នេះដែរ ដូច្នេះបងប្អូនមេត្តាជួយថែរក្សាផ្លូវនេះឲ្យបានល្អ ដើម្បីជាកេរ្តិ៍ ដំណែលតទៅកូនចៅជំនាន់ក្រោយ៕

123456

មតិយោបល់