សាលារៀន បាររង្គសាល អាហារដ្ឋាន ត្រូវបិទទាំងអស់។ ហាមមិនឱ្យមានការប្រមូលផ្តុំនិងជួបជុំគ្នា។ ត្រូវពាក់ម៉ាស់វិញជាដាច់ខាត។ ពលរដ្ឋនៅក្រុងមែលប៊ន និងរដ្ឋវិចតូរីយ៉ា អាចចេញក្រៅផ្ទះបាន តែក្នុងករណីចាំបាច់បំផុត ដូចជាទៅចាក់ថ្នាំបង្ការប្រឆាំងនឹងកូវីដ១៩តែប៉ុណ្ណោះ។ ជើងហោះហើរទៅនូវែលហ្សេឡង់-មែលប៊ន ដែលជាចរាចរណ៍ដ៏ចំបងជាងគេរបស់អូស្ត្រាលីជាមួយប្រទេសខាងក្រៅក៏ត្រូវផ្អាក និងត្រូវកាត់បន្ថយសម្រាប់ជើងហោះហើរភ្ជាប់ពីក្រុងផ្សេងៗជាមួយនូវែលហ្សេឡង់។ វិធានការបិទខ្ទប់ នេះ នឹងត្រូវចូលជាធរមានភ្លាម ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ទី ២៧ឧសភា វេលាម៉ោង២៤ទៅ។

បើតាម នាយករដ្ឋមន្ត្រីស្តីទីរដ្ឋវិចតូរីយ៉ា លោកJames Merlino ការបិទខ្ទប់ក្រុងនិងរដ្ឋ រយៈពេលមួយសប្តាហ៍នេះ គឺដើម្បីកាត់ផ្តាច់ការចម្លងមេរោគ និងដើម្បីឱ្យអាជ្ញាធរសុខាភិបាលងាយធ្វើស្រាវជ្រាវរកអ្នកដែលមានទំនាក់ទំនងជាមួយអ្នកវិជ្ជមានកូវីដ១៩។ មេរោគកូវីដបំប្លែងខ្លួន B1.617 ដែលរកឃើញដំបូងនៅឥណ្ឌា បានចូលមកដល់ទឹកដីអូស្ត្រាលី តាមអ្នកដំណើរត្រលប់មកពីបរទេស។ ជាមេរោគដែលមានអំណាចចម្លងលឿននិងខ្លាំងជាងមេរោគបំប្លែងនៅអង់គ្លេសដល់ទៅ៥០%។ គ្រាន់តែផ្ទុះឡើងភ្លាម ចំនួនអ្នកឆ្លងបានកើនឡើងមួយទ្វេជាពីរ។ ១៣នាក់នៅថ្ងៃពុធ ២៦នាក់នៅថ្ងៃព្រហស្បតិ៍ និងមានអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលសរុបជាង១ម៉ឺននាក់។

ជាមួយសេចក្តីប្រកាសបិទខ្ទប់ក្រុង លោក Merlino បានបន្ទោសរដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីថាភាពយឺតយ៉ាវខ្លាំងក្នុងយុទ្ធនាការចាក់ថ្នាំបង្ការប្រឆាំងកូវីដបានចំណែកមួយរុញច្រានមែលប៊នត្រូវបិទខ្ទប់ជាលើកទីបួន ហើយវិធានការធ្វើចត្តាឡីស័កអ្នកដំណើរមកពីបរទេសមានចន្លោះប្រហោង។

អូស្ត្រាលីត្រូវបានគេចាត់ទុកថាប្រទេសមួយដែលមានចំណាត់ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩បានជោគជ័យ។ អូស្ត្រាលីបានបន្ធូរបន្ថយបម្រាមច្រើន តាំងពីប៉ុន្មានខែចុងមកហើយ តែយុទ្ធនាការចាក់ថ្នាំបង្ការមានលក្ខណៈយឺតយ៉ាងខ្លាំងមែន។ អូស្ត្រាលីទើបចាក់វ៉ាក់សាំងបានប្រមាណ ជាង៣,៧លានដូស ក្នុងចំណោមប្រជាជនសរុប២៥លាននាក់។ តាំងពីផ្ទុះជំងឺរាតត្បាតមក មានអូស្ត្រាលី៣ម៉ឺននាក់បានឆ្លងកូវីដ និងស្លាប់ជិតមួយពាន់នាក់ ហើយភាគច្រើននៅរដ្ឋវិចតូរីយ៉ានេះ៕

មតិយោបល់