មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិ RDIF និងមូលនិធិសង្គ្រោះបន្ទាន់កុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sputnik V ចំនួន ២២០លានដូស។

យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា «កិច្ចព្រមព្រៀងគ្នាជាមួយអង្គការយូនីសេហ្វស្តីពីវ៉ាក់សាំង Sputnik V នឹងពង្រីកលទ្ធភាពទទួលបាន និងបំពេញតម្រូវការវ៉ាក់សាំងនៅជុំវិញពិភពលោក។ ការផ្គត់ផ្គង់ដល់អង្គការយូនីសេហ្វនឹងអាចធ្វើទៅបានបន្ទាប់ពីវ៉ាក់សាំងត្រូវបានបញ្ចូលក្នុងបញ្ជីផលិតផលដែលបានណែនាំដោយអង្គការសុខភាពពិភពលោកសម្រាប់ការផ្គត់ផ្គង់ក្នុងគ្រាបន្ទាន់»។

នៅពេលមុននេះ មូលនិធិ RDIF បានប្រកាសថា ខ្លួនបានដាក់ពាក្យស្នើសុំទៅអង្គការសុខភាពពិភពលោកសម្រាប់ការចុះឈ្មោះ និងការធ្វើសមាហរណកម្មវ៉ាក់សាំង Sputnik V រួចហើយកាលពីខែតុលា ឆ្នាំ ២០២០ ។ សេចក្តីសម្រេចរបស់អង្គការសុខភាពពិភពលោកត្រូវបានគេរំពឹងថានឹងធ្វើឡើងនាពេលខាងមុខនេះ។

មូលនិធិ RDIF ក៏នឹងជួបពិភាក្សាជាមួយសម្ព័ន្ធភាពសកលសម្រាប់វ៉ាក់សាំង និងប្រព័ន្ធភាពស៊ាំ (GAVI) ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការរាប់បញ្ចូលវ៉ាក់សាំង Sputnik V នៅក្នុងកម្មវិធីវ៉ាក់សាំង COVAX ផងដែរ។ យន្តការ COVAX (ដឹកនាំដោយ GAVI សម្ព័ន្ធភាពសម្រាប់ការច្នៃប្រឌិតត្រៀមបង្ការការរីករាលដាលនៃជំងឺរាតត្បាត (CEPI) និងអង្គការសុខភាពពិភពលោក) រួមគ្នាជាមួយអង្គការយូនីសេហ្វ មានគោលបំណងដោះស្រាយដំណាក់កាលស្រួចស្រាវនៃជំងឺរាតត្បាតនៅចុងឆ្នាំ ២០២១ ដោយផ្តល់ការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពដល់គ្រប់ប្រទេសទាំងអស់ដោយមិនគិតពីកម្រិតប្រាក់ចំណូលរបស់ពួកគេទេ។ ទាំងអស់នេះនឹងធានាបាននូវកិច្ចការពារដល់បុគ្គលោកថែទាំសុខភាព និងសង្គម ក៏ដូចជាក្រុមដែលមានហានិភ័យខ្ពស់ផ្សេងៗទៀតផងដែរ៕
មតិយោបល់