ព័ត៌មានជាតិ

ឯកឧត្តម ជា សុផារ៉ា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ មានដូចជាស្ថានីយអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងបន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរសមុទ្រ ជាដើម ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិនក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវិដ-១៩ នាពេលខាងមុខ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តមួយនៃភាគនារតី ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយក្នុង ចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងតែមួយសម្រាប់កម្ពុជា ក្នុងការស្រូបយកនូវកំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នាពេលខាងមុខ។
ប្រភព: រដ្ឋបាលខេត្តព្រះសីហនុ

មតិយោបល់