ព័ត៌មានជាតិ

មីយ៉ាន់ម៉ា៖ ប្រជាជន​រយពាន់​លាននាក់​បាន​បាត់បង់​ការងារ និង​កំពុង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង បន្ទាប់ពីមានរដ្ឋប្រហារ

នៅ​មុន​រដ្ឋប្រហារ​ថ្ងៃទី១ កុម្ភៈ ប្រជាជន​ភាគច្រើន​រស់ក្នុង​តំបន់​ឡាំង ថារយ៉ារ​មាន​ការងារ​ធ្វើ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​ម៉ាក​របស់​បស្ចិមលោក។ តែ​ពេល​នេះ កូដកម្ម និង​អំពើហិង្សា​បាន​បង្ខំ​ឲ្យ​រោងចក្រ​ជា​ច្រើន​បិទទ្វារ និង​មាន​កម្មករ កម្មការនី​ជា​ច្រើន​នាក់​អត់​ការងារ​ធ្វើ។ ផលវិបាក​កើត​ចេញ​ពី​វិបត្តិ​កូវីដ១៩ និង​វិបត្តិ​រដ្ឋប្រហារ​អាច​រុញ​ភាព​ក្រីក្រ​ឲ្យ​កើន​ឡើង​ទ្វេដង និង​អាច​ប៉ះពាល់​ដល់​ប្រជាជន​ភូមា​ចំនួន​ពាក់​កណ្តាល​ចាប់​ពី​ឆ្នាំ ២០២២ ទៅ នេះ​ជា​ការ​ព្រមាន​របស់​អង្គការ​សហប្រជាជាតិ។ ចំណែក​អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​ទាញ​សញ្ញា​អាសន្ន​ថា នៅ ៣ខែ​ទៅ ៦ខែ​ខាង​មុខ មាន​ប្រជាជន​ភូមា​ដល់​ទៅ ៣លាន៤សែន​នាក់​បន្ថែម​ទៀត​នឹង​ពិបាក​រក​ចំណីអាហារ​ទទួល​ទាន។

តាម​អង្គការ​ស្បៀងអាហារ​ពិភពលោក តម្លៃ​គ្រឿង​ឧបភោគបរិភោគ​បាន​ឡើង​ថ្លៃ​ខ្ពស់ ដូច​ជា​អង្ករ​ឡើង​ថ្លៃ ៥% ឬ​ប្រេងឆា​ឡើង​ថ្លៃ​ជិត ២០%។ ស្ថានការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​តាម​តំបន់​ជនបទ។

ចំណែក​នៅ​តាម​តំបន់​ដាច់​ស្រយាល​ដែល​មាន​ការ​ប្រឈម​មុខ​ផ្លូវ​អាវុធ​រវាង​កងទ័ព​ភូមា និង​កម្លាំងប្រដាប់អាវុធ​ជនជាតិ​ភាគតិច​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ តម្លៃ​អង្ករ​បាន​កើន​ទ្វេដង​នៅ​រដ្ឋ​រ៉ាក់ឃីន។ នា​ដំណាច់ខែ​មេសា អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​ប្រកាស​ពី​ការ​ផ្តល់​ជំនួយ​ស្បៀងអាហារ​សម្រាប់​មនុស្ស ២លាននាក់​នៅ​ទូទាំង​ប្រទេស។ ចំណែក​អង្គការ​ផ្សេង​ទៀត​បាន​លើក​ទឹកចិត្ត​ឲ្យ​អ្នក​រស់​ក្នុង​ក្រុង​រ៉ង់ហ្គូន​ដែល​មាន​អាហារ​ច្រើន​ជួយ​អ្នក​ដែល​កំពុង​ខ្វះខាត៕

មតិយោបល់