ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី៣នាក់ ពីបទជួញដូរគ្រឿងញៀន

បាត់ដំបង: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទី នៅចំណុចក្រុមទី០៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមមតិដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង តាមការចង្អុលបង្ហាញគំនិតយុត្តិសាស្រ្តរបស់ លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង រួមទាំងកងកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន កងកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តការ បង្រ្កាបបានករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ អ៊ឹង សុផាន ហៅ ដឹ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ២.ឈ្មោះ ដៀប វិចិត្រ ហៅ ចក់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ១៩,៤៧ក្រាម (ទាំងសំបក)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១,ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់), ម៉ូតូចំនួន ០១គ្រឿង។ ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អ៊ឹង សុផាន ហៅ ដឹ និងដោយមានការអនុញ្ញាតពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ទៀត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២:៤០នាទី នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យ(ទី៣)ឈ្មោះ ហម គឹមហ៊ាង ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង។ បានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ២៦,០៦ក្រាម (ទាំងសំបក), ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់), ម៉ូតូចំនួន០១គ្រឿង។ សរុបថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន០៤ថង់ ទម្ងន់៤៥,៥៣ក្រាម (ទាំងសំបក) ។
បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង៕

 

មតិយោបល់