ព័ត៌មានជាតិ

លោក​ស្រី Wendy R. Sherman ​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា ​រយៈពេលមួយថ្ងៃ

លោក​ កុយ គួង អ្ន​កនាំពាក្យ​ក្រសួងការបរទេសកម្ពុជា បាន​ឲ្យ​ដឹងថា ក្នុង​ដំណើរទស្សនកិច្ច​មក​កាន់តំបន់​អាស៊ីអាស៊ីអាគ្នេយ៍​ លោក​ស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ឬ មាន​ន័យ​ថាមន្ត្រី​ជាន់ខ្ពស់​ការបរទេសអាមេរិក​ លំដាប់ទី២​ នឹង​អញ្ចើញ​មក​កាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី ១​ខែមិថុនា ដើម្បីជួប​សម្តែងការ​គួរសម ជាមួយលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន។ បន្ទាប់​មក លោក​ស្រី នឹង​ជួបពិភាក្សា​ការងារបន្ថែម ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។​

តាម​លោក​ កុយ គួង ខ្លឹមសារនៃជំនួប​រវាង​មន្ត្រីជាន់ខ្ពស់ការបរទេសអាមេរិក ជាមួយ​រដ្ឋាភិបាល​កម្ពុជា គឺ​ផោ្តតជាសំខាន់​លើ​ទំនាក់ទនង និងកិច្ចសហប្រតិតបត្តិការទ្វេភាគី​រវាងសហរដ្ឋអាមេរិក និងកម្ពុជា។ កម្ពុជា រំពឹងថា ដំណើរទស្សនកិច្ច​របស់លោកស្រី Sherman ដែលជាស្ត្រី​អនុរដ្ឋមន្ត្រីដំបូង ក្នុងរដ្ឋបាលលោក​ប្រធានាធិបតី​អាមេរិក​ថ្មី ចូ បាយឌិន នឹង​ធ្វើឲ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាងប្រទេសទាំង ២ កាន់តែល្អ​ប្រសើរថែមមួយកម្រិតទៀត។​ ប៉ុន្តែអ្នក​ធ្វើការ​ងារខាងសិទ្ធិមនុស្សនៅកម្ពុជា ចង់ឲ្យ​​លោកស្រី ​​​Wendy Sherman​ លើកយក​​បញ្ហា​នយោបាយ ​និងសិទ្ធិមនុស្ស ​ទៅនិយាយ​ជាមួយ​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន។

សូម​បញ្ជាក់ថា តាមគម្រោង​ក្នុងដំណើរ​ទស្សនកិច្ចរយៈពេល ១១​ថ្ងៃ ពី​ថ្ងៃទី​២៥​ ខែ​ឧសភា ​ដល់​ថ្ងៃទី​៤​ ខែ​មិថុនា នៅអឺរុប និងអាស៊ីអាគ្នេយ៍​ លោក​ស្រី Sherman បាន​ទៅបំពេញទស្សនកិច្ចដំបូង​ ក្នុង​ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីពិភាក្សា​ការងារយុទ្ធាស្ត្ររវាងអាមេរិក និងអឺរុប​ ទាក់ទងនឹង​ឥទ្ធិពលរបស់ចិន​។ រួចហើយ លោក​ស្រី បាន​និងកំពុង​ធ្វើដំណើរទៅកាន់​ទីក្រុង អង់ការ៉ា និងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដើម្បីនិយាយ​ពីបញ្ហា​សិទ្ធិមនុស្ស និងការពង្រឹងកម្លាំង​ទ័ពជាមួយអង្គការ​ណាតូ។

បន្ទាប់មក លោក​ស្រី​នឹង​ធ្វើដំណើរមក​កាន់តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ផ្តើម​ដំបូងគឺទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បី​ពិភាក្សាស្វែងរក​ដំណោះស្រាយគន្លឹះ​ពីបញ្ហា​ភូមា និង​ការពង្រឹងបន្ថែមទំនាក់ទំនង​អាមេរិក អាស៊ាន​។ រួចហើយ​ទើប​លោក​ស្រី ធ្វើដំណើរ​មក​កាន់រាជធានីភ្នំពេញ នៅថ្ងៃទី ១ខែមិថុនា មុន​នឹងបន្តដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីពិភាក្សា​ដដែលពី​បញ្ហាភូមា បញ្ហា​តំបន់ទន្លេមេគង្គ និង​បញ្ហា​ផ្សេងទៀត ជាមួយ​រដ្ឋាភិបាល​ថៃ៕

 

មតិយោបល់