ព័ត៌មានជាតិ

ប្រទេសថៃ៖ មានករណីឆ្លងរាលដាលកូ​វីដ១៩ យ៉ាងច្រើនសម្បើម​ នៅតាមមន្ទីរឃុំឃាំង

អាជ្ញាធរថៃ កំពុងតែប្រឈមនឹងករណីឆ្លងរាលដាល កូវីដ១៩ យ៉ាងលឿនរហ័ស ក្នុងចំណោមអ្នកជាប់ឃុំ នៅតាមពន្ធនាគារ។ កាលពីខែមេសា ករណីវិជ្ជមានកូវីដ​១៩ ត្រូវបានគេរកឃើញ តែ១០ករណីប៉ុណ្ណោះ ក្នុងចំណោមអ្នកជាប់ឃុំនៅថៃ ក៏ប៉ុន្តែ គិតមកត្រឹមពេលនេះ មានអ្នកទោស​យ៉ាងហោច​ណាស់​២២០០០នាក់ ត្រូវបានគេរកឃើញ​ថាមានវិជ្ជមានកូវីដ១៩។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងលឿននេះ អាជ្ញាធរសុខាភិបាលថៃ បានបន្ថែមការធ្វើតេស្តនៅតាមមន្ទីរឃុំឃាំង។ ប្រព័ន្ធតុលាការថៃ ក៏​បានសម្រេចដោះលែងអ្នកទោសមួយចំនួន ដែលមានបញ្ហាសុខភាពផងដែរ ដើម្បី​កាត់បន្ថយភាពណែនណាន់តាន់តាប់ នៅតាមមន្ទីរឃុំឃាំង។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរថៃ បានធ្វើតេស្តយកសំណាក ពីអ្នកជាប់ទោស ប្រមាណ​៣៦០០០នាក់។

សូមបញ្ជាក់ថា ដំណឹងនៃករណីប្រឈមការឆ្លងកូវីដ​១៩ នៅក្នុងពន្ធនាគារថៃនេះ ត្រូវបាន​ទំលាយ​ឲ្យ​ដឹងតាមរយៈសកម្មជនប្រជាធិបតេយ្យមួយរូប ឈ្មោះ Somyot Prueksakasemsuk ដែលបានជាប់ឃុំមួយរយៈ ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ លោកបានអះអាង អំពីករណីធ្វេសប្រហែស មិនយកចិត្តទុកដាក់ចំពោះសុខភាពអ្នកជាប់ឃុំ ពីសំណាក់សមត្ថកិច្ចមន្ទីរឃុំឃាំង។ យ៉ាងណាមិញ កញ្ញា Rung ដែលជាយុវជនប្រជាធិបតេយ្យថៃដ៏ល្បីម្នាក់ដែរនោះ បានអះអាងថា នាង​បាន​ឆ្លងកូវីដ​១៩ នៅ​ក្នុង​មន្ទីរឃុំឃាំង មុននឹងត្រូវបានគេដោះលែង​មកវិញ នៅដើមខែ​ឧសភា។

គួរកត់សំគាល់ថា ការរស់នៅក្នុងភាពចង្អៀតណែន គ្មានអនាម័យ គ្មានគំលាតសុវត្ថិភាព នៅតាមពន្ធនាគារ គឺជាកត្តាចំបង ដែលជំរុញការឆ្លងរាលដាល​នេះលឿនរហ័ស​។ យោងតាម អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស ចំនួន​មនុស្សនៅតាមមន្ទីរឃុំឃាំងក្នុងប្រទេសថៃ មានចំនួន​ប្រមាណ​ ៣១១០០០នាក់ ពោលគឺលើសពី​កម្រិតសមត្ថភាព នៃប្រព័ន្ធ​​ពន្ធនាគារថៃ​ ដល់ទៅ​ជាង​២ដង​ឯណោះ។ អ្នកទោស៤នាក់ ក្នុងចំណោម៥នាក់ គឺសុទ្ធតែជាអ្នក​ពាក់ព័ន្ធនឹងករណី​ជួញដូរគ្រឿងញៀន។ មនុស្សអាចជាប់ទោស១០ឆ្នាំ ដោយ​គ្រាន់តែ​មាន​​ថ្នាំគ្រាប់​មេតំហ្វេតាមីនជាប់ខ្លួន​ ប៉ុន្មានគ្រាប់​។

លោក Somsak Thepsutin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ ក៏ធ្លាប់បានទទួលស្គាល់ដែរ កាលពីខែកុម្ភៈកន្លងទៅ​ ថានៅតាមបន្ទប់មន្ទីរឃុំឃាំង អ្នកទោសដេកគជើងគ្នា ចង្អៀតជាងដេកក្នុង​ម្ឈូស​ទៅ​ទៀត។ លោក Brad Adams នាយកអង្គការ Human Rights Watch បានលើកឡើងថា ថៃត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងដោះលែង​អ្នកទោសដែលជាប់ពន្ធនាគារ ដោយហេតុផល​នយោបាយ និងបទល្មើសលហុបន្តិចបន្តួច ដើម្បីសម្រាលភាពចង្អៀតណែនតាមពន្ធនាគារ៕

 

មតិយោបល់