ព័ត៌មានជាតិ

គម្រោងបំពាក់កាម៉េរ៉ាសុវត្ថិភាពឲ្យបានរួចរាល់ នៅមុនដំណាច់ឆ្នាំ២០១៦

ភ្នំពេញ: សាលារាជធានីភ្នំពេញមាន គម្រោងបំពាក់កាម៉េរ៉ាសុវត្ថិភាពបន្ថែមឲ្យបានចំនួន៦០០គ្រឿងនៅទូទាំងរាជធានីភ្នំពេញឲ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០១៦នេះ ដើម្បីគ្រប់គ្រងបទល្មើសនានា និងការគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍ ស្របពេលដែលបញ្ហាចរាចរណ៍នៅកម្ពុជាត្រូវបានរឹតបន្តឹង នោះ ។

ពាក់ព័ន្ធនឹងការងារនេះ នៅព្រឹកថ្ងៃទី១៦ឧសភា២០១៦ សាលារាជធានីភ្នំពេញ បានកោះប្រជុំជាមួយតំណាងក្រុមហ៊ុន ZTE ដែលជាក្រុមហ៊ុនទទួលតំឡើងកាមេរ៉ាសុវត្ថិភាព និងមន្ត្រីជំនាញពាក់ពន្ធ័ក្រោមឱវ៉ាត ដើម្បីជុំរុញ និងពន្លឿនធ្វើយ៉ាងណាឲ្យការងារនេះរួចរាល់នៅដំណាច់ឆ្នាំ២០៦នេះ ។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ។

តំណាងក្រុមហ៊ុនZTEដែលជាក្រុមហ៊ុនទទួលតំឡើងកាមេរ៉ា បានលើកឡើងថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ នឹងធ្វើឡើងនៅតាមច្រកសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន ខណ្ឌចម្ការមន ត្រូវបំពាក់កាម៉េរ៉ាសុវត្ថិភាពចំនួន១៤៧គ្រឿង ខណ្ឌដូនពេញ ១១៦គ្រឿង ខណ្ឌមករា ៧៥គ្រឿង ខណ្ឌទួលគោក៥៤គ្រឿង ខណ្ឌដង្កោ៨គ្រឿង ខណ្ឌមានជ័យ៥១គ្រឿង ខណ្ឌឫស្សីកែវ៥៣គ្រឿង ខណ្ឌសែនសុខ២១គ្រឿង ពោធិសែនជ័យ២២គ្រឿង ខណ្ឌជ្រោយចង្វា១៩គ្រឿង ខណ្ឌព្រែកព្នៅ ៨គ្រឿង និងខណ្ឌច្បារអំពៅ២៦គ្រឿង។

លោកប៉ា សុជាតិវង្ស បានជម្រុញឲ្យក្រុមហ៊ុនពន្លឿងផែនការនេះជាកញ្ចប់ និងឲ្យបានលឿន ជាពិសេសត្រូវរួចរាល់នៅដំណាច់ឆ្នាំ២០១៦។ ម្យ៉ាងទៀតស្នើឲ្យក្រុមហ៊ុនជួយផ្ទេរចំណេះដឹងពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនេះ នៅពេលតំឡើងរួចដល់មន្ត្រីរបស់សាលារាជធានីឲ្យចេះប្រើប្រាស់តែម្តង។

លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះមិនមែនធ្វើឡើង ដើម្បីតាមដាន និងគ្រប់គ្រងបទល្មើសតែម្យ៉ាងប៉ុណ្ណោះទេ តែវាជាការគ្រប់គ្រងប្រព័ន្ធចរាចរដ៏សំខាន់ផងដែរ។សម្រាប់សាលារាជធានីភ្នំពេញនឹងបង្កើតទីបញ្ជាការមួយដ៏ធំនៅក្នុងអគាររដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីតាមដានបទល្មើសផ្សេងៗ និងតាមដានប្រព័ន្ធចរាចរណ៍ ។

គួររំលឹកថា លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ធ្លាប់បានលើកឡើងថា កាមេរ៉ាសុវត្ថិភាពនេះបានជួយច្រើនណាស់ក្នុងការតាមដាន និងឈានដល់ការចាប់ខ្លួនជនសង្ស័យ ដែលបង្កបទល្មើសផ្សេងៗ ហើយសង្ឃឹមថា ក្រោយពីបំពាក់កាមេរ៉ាសុវត្ថិភាពនេះរួច បទល្មើសនានានឹងថយចុះមិនខាន៕

photo_2016-05-16_15-36-51 (2) photo_2016-05-16_15-36-51 photo_2016-05-16_15-36-50

មតិយោបល់