ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង៖ បានច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា នឹងបិទរាជធានីភ្នំពេញឡើងវិញ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ បានចេញមកច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ-១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះហាក់មានការកើនឡើង។

ឯកឧត្ដម ឃួង ស្រេង បានអះអាងថា រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធរួមជាមួយក្រសួងសុខាភិបាល បាននិងកំពុងបន្ដប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាទីបំផុត ជាមួយជំងឺកូវីដ -១៩ ដែលកំពុងមានការឆ្លងរីករាលដាល នៅទូទាំងប្រទេសកម្ពុជា។

អភិបាលរាជធានីភ្នំពេញ បានថ្លែងថា «ប៉ុន្មានថ្ងៃនេះមានការចែកចាយព័ត៌មានថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញឡើងវិញ។ ខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះ យើងមិនទាន់មានគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញនោះទេ»។

ឯកឧត្ដម ក៏បានបង្ហាញនូវការសោកស្ដាយចំពោះការចែកចាយព័ត៌មាន ដែលមិនទាន់មានការសម្រេចច្បាស់លាស់ ពាក់ព័ន្ធការបិទរាជធានីភ្នំពេញឡើងវិញនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

 

ប្រភព៖​​​​​​ AKP

មតិយោបល់