ព័ត៌មានជាតិ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹងជួបជាមួយ​​​ ម្ចាស់ផ្ទះ​បា​រ៉ែ​ននៅថ្ងៃ​ស្អែក​នេះ​

គិត​ត្រឹម​ពេលនេះ​នៅសល់​មិន​ដល់​មួយថ្ងៃ​ទៀត​ទេ ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោកឆ្នាំ២០២២​ កាតា និង​ពានរង្វាន់​ទ្វីប​អាស៊ី​២០២៣ ​ចិនជុំ​ទី​២ ​តំបន់​អាស៊ី​រវាង​ម្ចាស់ផ្ទះ​បា​រ៉ែ​ន និង​កម្ពុជា​ចូល​មក​ដល់​។​

​ការប្រកួត​នេះ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​បា​រ៉ែ​នវេលា​ម៉ោង ៧​និង​៣០​នាទី​យប់ត្រូវ​នឹង​ម៉ោង ១១​និង​៣០​នាទី​យប់​ម៉ោង​នៅ​កម្ពុជា ហើយ​ទូរទស្សន៍​បាយ័ន និង​ប៊ី​ធី​វីផ្សាយ​ផ្ទា​ល់​ពី​ទីនោះ​។​ ចំពោះ​មុខ​ក្រុម​ដែល​ដឹកនាំ​ដោយលោក ​ហុងដា កំពុងតែ​ត្រៀមលក្ខណ:ដោយ​បាន​ធ្វើការ​ហ្វឹកហាត់​ជាប្រចាំ បន្ទាប់ពី​ទៅដល់​ប្រទេស​បា​រ៉ែ​ន​ដោយ​សុវត្ថិភាព​។ ជើង​ទី​១ នៅ​រាជធានី​ភ្នំពេញ បា​រ៉ែ​នឈ្នះ​កម្ពុជា ១​ទល់នឹង​០ នៅ​នាទី​ទី​៧៨ ដោយ​កីឡាករ Komail Al Aswad​។ ទោះបី​បញ្ចប់​ ៥ប្រកួត​បាន​ត្រឹមតែ ​១​ពិន្ទុ ជម្រើស​ជាតិ​កម្ពុជា​នៅ​មាន​សង្ឃឹម​ខ្លះ​ដែរ បើ​ឈ្នះ ៣ប្រកួត​នៅសល់​នេះ​។​

ចំណែក​បា​រ៉ែ​ន​បច្ចុប្បន្ន​ឈរ​នៅ​លេខ​២ ​មាន ​៩​ពិន្ទុ ចាញ់​ក្រុម​លេខ​១ ​អ៊ីរ៉ាក់ ​២​ពិន្ទុ តែ​នាំមុខ​អ៊ីរ៉ង់ ​៣​ពិន្ទុ​។ បា​រ៉ែ​ន​បាន​ដាក់​គោលដៅ​ឈ្នះ​ ៣​ប្រកួត​នៅសល់​នេះ ខណ:​ ២លើក​កន្លង​ទៅ​ប្រកួត​បាល់ទាត់​ពិភពលោក ២០០៦​ នៅ​អាល្លឺម៉ង់ និង​២០១០ ​អាហ្វ្រិក​ខាងត្បូង បា​រ៉ែ​ន​ជិត​បាន​លេង​ជុំ​ចុងក្រោយ តែ​ចាញ់​ការប្រកួត Playoff អន្តរទ្វីប​ជាមួយ​ទ្រី​ណា​ដា​ត និង​តូ​បា​កូ និង​ណូ​វែ​ល​ហ្សឺ​ឡង់​។​ សូម​ជម្រាប​ជូន​ថា​ ប្រកួត​បន្ទាប់​ថ្ងៃ​ទី​៧ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ាក់ និង​ថ្ងៃ​ទី​១១ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ង់​៕

 

មតិយោបល់