ព័ត៌មានជាតិ

ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១៥០០ប័ណ្ណបន្ថែមទៀត ត្រូវបានចែកជូនប្រជាពលរដ្ឋ ក្នុងសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ប្រជាពលរដ្ឋ ក្នុងសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ចំនួន ១៥០០នាក់ បន្ថែមទៀតបានទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២រួចរាល់ ។ពិធីចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នេះបានធ្វើនៅផ្សារបឹងបៃតង ស្ថិតនៅក្នុងសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានឧត្តមសេនីយ៍ទោ សុខ សាវ៉ាត នាយសេនាធិការរងកងទ័ពជើងគោក ប្រធានក្រុមការងារដឹកនាំចាក់វ៉ាក់សាំងកូវីដ-១៩ គ្រូពេទ្យកងទ័ពជើងគោក និងលោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃព្រហស្បត្តិ៍ទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្រុមគ្រូពេទ្យជើងគោក បានដំណើរការបើកប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ចឱ្យក្រុមពេទ្យជើងគោក ទទួលខុសត្រូវក្នុងភូមិសាស្ត្រ សង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានដំណើរការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១ ខែឧសភា ហើយបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១ ទទួលបានលទ្ធផលសរុបចំនួន ១៧៧៥២នាក់ ។ ចំពោះការចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋមកទល់ពេលនេះមានចំនួន ០២លើក លើកទី១ចែកនៅថ្ងៃទី២៦ ខែឧសភា មានចំនួន ៥៩៤ប័ណ្ណ សរុបទាំងពីរលើកបានចែកប័ណ្ណសរុបចំនួន ២០៩៤ប័ណ្ណ ។
ឧត្តមសេនីយ៍ទោ សុខ សាវ៉ាត និងលោកស្រី ឈុន ស៊ុននី បានថ្លែងកោតសរសើរ វាយតំលៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យជើងគោក បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវដែលថ្នាក់លើប្រគល់ជូនបានល្អប្រសើរតាមផែនការ និងអរគុណដល់ប្រជាពលរដ្ឋទាំងអស់មកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង និងបានសំណូមពរដល់ប្រជាពលរដ្ជត្រូវគោរពសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងអនុវត្តវិធាន ការ ៣ ការពារ ៣ កុំ ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល អោយបានជាប់ប្រចាំ ទោះបីជាបាន ទទួលការចាក់វ៉ាក់សាំងទាំងពីរដូស រួចហើយក៏ដោយ ។
ប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យជើងគោកបន្តដំណើរការបើកប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ជូនប្រជាពលរដ្ឋបន្តទៀត ដោយចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅសាលាបឋមសិក្សាជំពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជាធានីភ្នំពេញ៕

មតិយោបល់