ការបរិភោគជាតិអាល់កុល ជ្រុលហួសប្រមាណ អាចនឹងធ្វើឲ្យខាតអាយុ ចំនួន១ឆ្នាំ ជាមធ្យម។ នេះបើផ្អែកតាមការសន្និដ្ឋាន របស់របាយការណ៍មួយ ធ្វើឡើងដោយអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE ដែលបានធ្វើការស្រាវជ្រាវ នៅតាមប្រទេសចំនួន៥២ប្រទេស។ អង្គការនេះបានអំពាវនាវ ឲ្យអាជ្ញាធររដ្ឋ ត្រូវតែចាត់វិធានការ ប្រយុទ្ធប្រឆាំងនឹងការបរិភោគគ្រឿងស្រវឹង ដូចជាការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹងជាដើម ដើម្បីការពារកុមារ និងយុវជន។
ដោយសារតែការបរិភោគគ្រឿងស្រវឹង រយៈពេលរស់នៅរបស់មនុស្សនឹងថយចុះ ចំនួនមួយឆ្នាំ នៅរវាងឆ្នាំ២០៥០ខាងមុខ។ ប្រទេស៨ ដែលមានបញ្ហាបរិភោគអាល់កុល ធ្ងន់ធ្ងរជាងគេ គឺជាប្រទេសនៅតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។ ពោលគឺមនុស្សនៅតាមប្រទេសទាំងនោះ មានដូចជារុស្ស៊ី លីទុយអានី ប៉ូឡូញជាដើម ត្រូវខាតអាយុ ជាមធ្យម ១.៤ឆ្នាំ ទៅ ១.៨ឆ្នាំ។ ដោយឡែក តួកគី និងអ៊ីស្រាអែល ហាក់ដូចជាប្រឈមនឹងបញ្ហានេះតិចជាងគេ។
ការអង្កេត ដែលបានធ្វើឡើងកាលពីពាក់កណ្តាលឆ្នាំ២០២០នេះ បានបង្ហាញថា នៅតាមប្រទេសចំនួន១១ គឺ ៤២%នៃមនុស្សដែលគេស៊ើបសួរ គឺបានអះអាងថាមិនបានផ្លាស់ប្តូរទំលាប់បរិភោគគ្រឿងស្រវឹងទេ។ ចំណែក៣៦%ផ្សេងទៀត អះអាងថាបានបង្កើនកម្រិតបរិភោគ។ មានតែ២២%ប៉ុណ្ណោះ ដែលអះអាងថា បានកាត់បន្ថយការបរិភោគជាតិអាល់កុល។ ក្នុងចំណោមមនុស្សដែលការបរិភោគអាល់កុល បានកើនឡើងបំផុត គឺមានស្ត្រី ឪពុកម្តាយដែលមានកូនតូច អ្នកមានជីវភាពធូរធា និងអ្នកដែលមានអាការៈជំងឺបាក់ទឹកចិត្ត ជាដើម។
សូមបញ្ជាក់ថា យោងតាមអ្នកជំនាញ គឺពុំមានតួលេខវិទ្យាសាស្រ្ត បញ្ជាក់ថា កម្រិតបរិភោគជាតិអាល់កុល ត្រឹមប៉ុណ្ណា ទើបមិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ។ របាយការណ៍ OCDE បានកំណត់ថា ការបរិភោគជាតិអាល់កុល ដែលមានលក្ខណៈសាមញ្ញ មិនបង្កគ្រោះថ្នាក់ គឺសម្រាប់មនុស្សស្រី ១កែវជារៀងរាល់ថ្ងៃ សម្រាប់មនុស្សប្រុស ១.៥កែវជាប្រចាំថ្ងៃ។
របាយការណ៍នេះ ក៏បានសន្និដ្ឋានផងដែរ អំពីការខាត់បង់ថវិការរដ្ឋ ចំនួនប្រមាណ២.៤%នៃចំណូលដុលក្នុងស្រុក ដែលត្រូវចំណាយ ដោយសារតែបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ បណ្តាលមកពីគ្រឿងស្រវឹង។
មតិយោបល់