(រ៉យទ័រ) ៖ សហភាពអាហ្វ្រិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ខ្លួនបានព្យួរសមាជិកភាពរបស់ម៉ាលីក្នុងការឆ្លើយតបនឹងរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន និងបានគំរាមដាក់ទណ្ឌកម្មប្រសិនបើរដ្ឋាភិបាលដឹកនាំតាមបែបស៊ីវិលមិនត្រូវបានស្តារស្ថានការណ៍ឡើងវិញទេ ។
យោធាបានចាប់ខ្លួនប្រធានាធិបតីបណ្តោះអាសន្នលោក Bah Ndaw និងនាយករដ្ឋមន្ត្រីលោក Moctar Ouane កាលពីសប្តាហ៍មុន និងបានដាក់សម្ពាធឲ្យពួកគេលាលែងពីតំណែង ដោយរារាំងការផ្លាស់ប្តូរទៅរកការបោះឆ្នោតប្រជាធិបតេយ្យ បន្ទាប់ពីមានរដ្ឋប្រហារយោធាមួយផ្សេងទៀត ដែលបានបណ្តេញរដ្ឋបាលមុនចេញពីតំណែងកាលពីខែសីហា។

កាលពីខែសីហា អតីតអនុប្រធានាធិបតីលោក Assimi Goita ដែលជាវរសេនីយ៍ឯកបានដឹកនាំរដ្ឋប្រហារ និងងើបបះបោរប្រឆាំងកាលពីសប្តាហ៍មុន ដោយត្រូវបានប្រកាសតែងតាំងជាប្រធានាធិបតីនៅថ្ងៃសុក្រនេះ។
ក្រុមប្រឹក្សាសន្តិសុខ និងសន្តិភាពរបស់សហភាពអាហ្វ្រិកបាននិយាយថា សហភាពអាហ្វ្រិកបានអំពាវនាវ “ឲ្យមានការវិលត្រឡប់យ៉ាងឆាប់រហ័សទៅរកការដឹកនាំតាមបែបស៊ីវិលវិញដោយមិនមានការរឹតត្បិត មានតម្លាភាព ហើយប្រសិនបើខកខានធ្វើដូច្នេះក្រុមប្រឹក្សានឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មនោះឡើយ” ។

ប្រទេសជិតខាង និងមហាអំណាចអន្តរជាតិរបស់ម៉ាលីភ័យខ្លាចការធ្វើបះបោរចុងក្រោយបង្អស់ ដែលបង្កឲ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែកុម្ភៈ និងធ្វើឲ្យអន្តរាយដល់ការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធឥស្លាមក្នុងតំបន់ ដែលពួកគេមួយចំនួនមានមូលដ្ឋាននៅភាគខាងជើងវាលខ្សាច់របស់ម៉ាលី។

ប្លុកតំបន់អាហ្វ្រិកខាងលិចដែលជាសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានព្យួរសមាជិកភាពម៉ាលីកាលពីថ្ងៃអាទិត្យ។
សហភាពអាហ្វ្រិកបានព្យួរសមាជិកភាពប្រទេសម៉ាលី បន្ទាប់ពីមានរដ្ឋប្រហារកាលពីខែសីហា ប៉ុន្តែបានធ្វើឲ្យប្រទេសនេះត្រឡប់ទៅជាធម្មតាឡើងវិញនៅប៉ុន្មានសប្តាហ៍ក្រោយមក បន្ទាប់ពីប្រមុខរដ្ឋាភិបាលអន្តរកាលដឹកនាំតាមបែបស៊ីវិលថ្មីត្រូវបានប្រកាសតែងតាំង ៕
មតិយោបល់