ព័ត៌មានជាតិ

Updateៈ រថយន្តដឹកខ្សាច់បើកបុកពីក្រោយម៉ូតូសេ១២៥ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅខណ្ឌដង្

ភ្នំពេញ: យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថយន្តបែនកង់៦ដឹកខ្សាច់បើកបុកពីក្រោយម៉ូតូសេ១២៥ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ហើយរថយន្តបង្កព្យាយាមបើករត់គេចទៅបាត់ដោយសុវត្តិភាព ។

ជនរងគ្រោះ ស្លាប់នៅកន្លែង ឈ្មោះ ចក់ សំណាង អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ក្បែងកន្លែងកើតហេតុ ក៏ប៉ុន្តែស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ចំណែកយុវជនម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ពុំស្គាល់ឈ្មោះ គ្រាន់តែដឹងថា ជាមិត្តភ័ក្រ ។ រីឯរថយន្តបង្ក ត្រូវបានអ្នកភូមិ អះអាងថា ប្រភេទបែនកង់៦ ដឹកខ្សាច់ ក្រោយកើតហេតុភ្លាម បើករត់គេចទៅបាត់ស្រមោល ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC-8485 ដោយយុវជន ចក់ សំណាង ជាអ្នកបើកបរ ឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្កបើកបុកពីក្រោយ ហើយកិនបន្ថែម បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ធ្ងរម្នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់