ព័ត៌មានជាតិ

សំណុំរឿងជួញដូរមនុស្សទៅចិន តំណាងអយ្យការព្យាយាមដោះបន្ទុកជនជាប់ចោទ

ភ្នំពេញៈ ក្រោយពីបើកសវនាការអស់រយៈពេលជាច្រើនម៉ោង ពេញមួយព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះរួចមក លោក អ៊ី ឋាវរៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿង ជួញដូរស្ត្រីខ្មែរ ទៅលក់នៅប្រទេសចិន ទៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។

លោក ចែ សុង តំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទទី១ ឈ្មោះ ឃីម ចន្ទ្រា ហៅ ឆាយ ភេទប្រុស ជាកូន ទី២ឈ្មោះ ប៊ុន ហួរ ភេទស្រី ជាម្តាយ និងទី៣ឈ្មោះ ប៊ុន ស៊ីម ភេទស្រី ជាអ៊ំស្រី ពីបទ ការទទួលយកមនុស្សដោយខុសច្បាប់មានគោលដៅជួយដល់ជនល្មើស ប្រព្រឹត្តនៅប្រទេសវៀតណាម អំឡុងខែមិថុនា ឆ្នាំ២០១៦ យោងតាមមាត្រា ២០ នៃច្បាប់ស្តីពី ការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

សូមបញ្ជាក់ថា នៅក្នុងសវនាការ មានវត្តមានជនជាប់ចោទឈ្មោះ ឃីម ចន្ទ្រា ហៅ ឆាយ តែម្នាក់ប៉ុណ្ណោះ ដោយជនជាប់ចោទ២នាក់ទៀត សុំមិនចូលរួមក្រោមមូលហេតុមានជំងឺ។

ជនជាប់ចោទ ឈ្មោះ ឃីម ចន្ទ្រា ហៅ ឆាយបានបដិសេធថា ខ្លួនមិនបានយកជនរងគ្រោះ ស្ត្រីខ្មែរ ៤នាក់ទៅលក់នៅស្រុកចិនអីនោះទេ គឺមានស្ត្រីជនជាតិវៀតណាមម្នាក់ពឹងឲ្យខ្លួនជួយបំពេញឯកសារនៅព្រលានយន្ត ហោះនៅប្រទេសវៀតណាម និងសំណុំជនរងគ្រោះរួមដំណើរជាមួយខ្លួនទៅប្រទេសភូមា តែប៉ុណ្ណោះ។ ជនជាប់ចោទនិយាយថា ស្ត្រីវៀតណាម ប្រាប់ខ្លួនថា ពេលទៅដល់ប្រភូមា មានបុរសម្នាក់ចាំទទួលស្ត្រីខ្មែរ ទាំង៤នាក់នោះហើយ។

ផ្ទុយពីការអះអាងរបស់ជនជាប់ចោទឈ្មោះឃីម ចន្ទ្រា ហៅ ឆាយ ជនរងគ្រោះ ២នាក់ (មិនអាចដាក់ឈ្មោះបាន) ក្នុងចំណោម ៤នាក់ដែលចូលរួមក្នុងសវនាការ បាននិយាយថា ការនិយាយរបស់ជនជាប់ចោទជារឿងប្រឌិតទាំងអស់ ពោលគឺដើម្បីដោះខ្លួនពីសំណាញ់ច្បាប់ ដោយដាក់កំហុសលើជនជាតិវៀតណាម និងភូមាទៅវិញ។ ការពិតនោះគឺ ពួកគេ ត្រូវបានឈ្មោះ ចាន់ សុខឃីម ហៅ សុភាព បានទៅបញ្ចុះបញ្ចូលថា គេត្រូវការអ្បកធ្វើការនៅប្រទេសសឹង្ហបុរី ទទួលបានប្រាក់ខែច្រើន ដោយជឿលើសម្តីជននោះ ទើបពួកគេទាំង ៤នាក់ព្រមទៅ។ ក្រោយមកឈ្មោះ ចាន់ សុខឃីម ហៅ សុភាព បានរៀបចំឲ្យពួកខ្លួនជិះឡានក្រុងពីភ្នំពេញទៅប្រទេសវៀតណាម។ លុះដល់ប្រទេសវៀតណាម គឺមានឈ្មោះ ឃីម ចន្ទ្រា ហៅ ឆាយ ឈ្មោះ ប៊ុន ហួរ និងឈ្មោះ ប៊ុន ស៊ីម អ្នករៀបចំឲ្យបុរសវៀតណាមយកម៉ូតូមកឌុបពួកខ្លួន ទៅស្នាក់នៅផ្ទះលក់អីវ៉ាន់ចាប់ហ៊ួយមួយរយៈពេល៧ថ្ងៃទើប ក្រុមជនជាប់ចោទ នាំពួកគេទៅព្រលានយន្តហោះ ជិះទៅប្រទេសភូមា។ ជនរងគ្រោះបន្ថែមថា រាល់ការចំណាយទាំងអស់ និងឯកសារជាការរៀបចំរបស់ក្រុមជនជាប់ចោទ ពួកគេចាំតែធ្វើតាមក្រុមជនជាប់ចោទតែប៉ុណ្ណោះ គ្មាន ស្ត្រីជនជាតិវៀតណាម និងបុរសជនជាតិភូមា ទេ។ នៅពេលទៅដល់ប្រទេសភូមា ដោយសារមិនអាចជិះយន្តហោះទៅចិនបាន ក្រុមជនជាប់ចោទបាននាំពួកគេមកប្រទេសវៀតណាមវិញ ដោយបម្រុងជិះពីយន្តហោះពីវៀតណាមទៅប្រទេសចិនតែម្តង ពេលនោះពួកខ្លួនបានដឹងរឿងថា គេបោកយកទៅលក់នៅចិន ទើបពួកខ្លួនបាននាំគ្នាព្យាយាមរត់ចេញពីព្រលានយន្ត ហោះ តែក្រុមជនជាប់ចោទ គំរាម និងទាញឲ្យរងចាំជិះយន្តហោះទៅចិន។ ក្រោយមកទើបរត់រួចទៅជួបជនជាតិខ្មែរ អ៊ីស្លាមម្នាក់ជួយរំដោះ ចេញ និងបញ្ជូនមកប្រទេសខ្មែរវិញ។

ក្រុមជនរងគ្រោះបានប្តឹងទាមទារសំណងជំងឺចិត្ត សរុប ១២,០០០ដុល្លារ ពីក្រុមជនជាប់ចោទ។

ទោះជាយ៉ាងណាក្តីអង្គសវនាការបានកត់សម្គាល់ឃើញថា តំណាងអយ្យការបានព្យាយាមសួរសំនួរដោះបន្ទុកជនជាប់ចោទខណៈខ្លួនជាដើមបណ្ដឹងអាជ្ញា ដោយប្រើសំនួរ តើអ្នក (ជនជាប់ចោទ) ជួយយកអាសារគេ ដោយមិនមែនមានបំណង យកពួកគេទៅណាទេមែនទេ? ខ្ញុំ (តំណាងអយ្យការ) ក៏ធ្លាប់ជួយ បំពេញបែបបទឲ្យគេដែរ ជាការជួយគេពេលគេមិនចេះភាសាបរទេស។ លោក ចែ សុង បានអះអាងថា ជងរងគ្រោះមិនមានភស្តុតាងដើម្បីដាក់បន្ទុកលើជនជាប់ទេ ហើយជនរងគ្រោះក៏បានទទួលសំណងពីជនជាប់ចោទរួចហើយដែរ។

ជាការឆ្លើយតបក្រុមមេធាវី ការពារសិទ្ធិជនរងគ្រោះ បានអះអាងថា ពួកគេមានវីដេអូ បញ្ជាក់ច្បាស់ថា ជនជាប់ចោទពិតជាបានប្រព្រឹត្តបទល្មើសដូចជនរងគ្រោះចោទប្រកាន់មែន។

ជារឿងចៃដន្យផងដែរ ស្របពេលដែរដើមបណ្ដឹងអាជ្ញាព្យាយាមសួរដោះបន្ទុកលើជនជាប់ចោទ សាច់ញាតិជនជាប់ចោទនៅខាងក្រៅសវនាការព្យាយាមសុំការយោគយល់ពីអ្នកសារព័ត៌មានកុំឲ្យផ្សព្វផ្សាយដំណើរការសវនាការនេះ៕

https://youtu.be/5MwJ3GKt4TE

មតិយោបល់