យោងតាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ចំនួន ៥០ មុឺនដូស ក្នុងចំណោម ៤ លាន ៥សែនដូស ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត។
បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ក្នុងសារសំឡេងពិសេសកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១កន្លងទៅនេះ ក្នុងនោះសម្តេចតេជោបានមានប្រសាសន៍ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ ហើយនិងមកជាបន្តបន្ទាប់ទៀត។
សម្តេចតេជោ បញ្ជាក់ទៀតថា យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១នេះ នៅទូទាំងប្រទេសបងប្អូនប្រជាពលរដ្ឋកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបបានចំនួន ២,៧៣៥,១៩៩នាក់ ហើយ ស្មើនឹង ២៧.៣៥ភាគរយ ក្នុងគោលដៅ ចំនួន ១០លាននាក់។
សូមបញ្ជាក់ថា វ៉ាក់សាំង ចិន សុីណូវ៉ាក់ ត្រូវបានអនុម័តឱ្យប្រើផ្លូវការរួចហើយ ដោយអង្គការសុខភាពពិភពលោក។ជាងនេះទៀត ប្រទេសចិនបានសម្រេចអោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech បង្ការកូវីដ១៩ លើមនុស្សចាប់ពី ៣ ឆ្នាំដល់ ១៧ ឆ្នាំហើយ ។
ទន្ទឹមនេះ សាធារណរដ្ឋប្រជាមានិតចិន ក្នុងដើមខែមិថុនា ឆ្នាំ ២០២១នេះ បានចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនបានប្រហែល ៧២៤ លានដូសហើយ តែនេះសម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះ។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
មតិយោបល់