(ម៉ាឌ្រីដ)៖ នៅថ្ងៃចន្ទនេះ ប្រទេសអេស៉្បាញបានចាប់ផ្តើម បើកព្រំដែនរបស់ខ្លួនទទួលស្វាគមន៍អ្នកដំណើរមកពីគ្រប់ទិសទី ជុំវិញពិភពលោក ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់។
ដោយពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ អេស៉្បាញស្ថិតក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប ដែលរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិ COVID-19 ដោយអត្រា GDP របស់អេស៉្បាញបានថយចុះ១០.៨ភាគរយ កាលពីក្នុងឆ្នាំ២០២០។ រដ្ឋាភិបាលអេស៉្បាញ បានកំណត់គោលដៅថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានខ្ទង់៤៥លាននាក់ នៅចុងឆ្នាំនេះ ប៉ុន្តែគិតត្រឹមកាលពីចុងខែមេសា អេស៉្បាញទទួលបានភ្ញៀវទេសចរត្រឹមតែ ១.៨លាននាក់ប៉ុណ្ណោះ។
កាលពីឆ្នាំ២០១៩ អេស៉្បាញគឺជាគោលដៅទេសចរណ៍ធំជាងគេលំដាប់ទី២ នៅលើពិភពលោក ដោយទទួលបានភ្ញៀវទេសចរបរទេស ដល់ទៅជិត៨៤លាននាក់។ វិស័យដ៏សំខាន់នេះ ទទួលបន្ទុកប្រមាណជា១២ភាគរយ នៃ GDP របស់ប្រទេសអេស៉្បាញ។
បើតាមរដ្ឋមន្រ្តីសុខាភិបាលអេស៉្បាញ លោកស្រី Carolina Darias អេស៉្បាញគឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ដោយប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អេស៉្បាញ ដែលមានប្រជាជន សរុបជាង៤៦លាននាក់ មើលឃើញអត្រាឆ្លងរាលដាល COVID-19 ចន្លោះ ៣,០០០-៥,០០០ករណី ក្នុងមួយថ្ងៃ និងស្លាប់ក្រោម១០០នាក់ ខណៈ ការចាក់វ៉ាក់សាំងកំពុងដំណើរការទៅមុខ៕
ប្រភព៖ AFP
មតិយោបល់