ព័ត៌មានជាតិ

កែវ​ផ្ទុក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា នឹង​ដាក់​តាំងនៅ​សារមន្ទីរ​វិមាន​ឈ្នះ ឈ្នះ នៅ​ថ្ងៃទី០៩ ខែ​មិថុនា ឆ្នាំ២០២១ ខាងមុខនេះ​

 

​ពិធី​ប្រគល់​និង​ទទួល​កែវ​ផ្ទុក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខ នឹងត្រូវ​ធ្វើឡើង​ក្រោម​វត្តមាន​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល នៅឯ​វិមាន ឈ្នះ ឈ្នះ​។​

​សូម​រម្លឹកថា កម្ពុជា បានចាប់ផ្តើម​ដំណើរការ​បូម​ប្រេង​របស់ខ្លួន​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា ដោយ​ក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ​។ ថ្ងៃ​ដែល​កម្ពុជា​ទទួលបាន​ដំណក់​ប្រេង​ដំបូង​នេះ គឺ​ចំ​ថ្ងៃ​ខួប ២២ ឆ្នាំ នៃ​ការដាក់ចេញ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេច​ជោ កាលពី​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨​។

​បើតាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត បច្ចុប្បន្ននេះ ក្រុមហ៊ុន Kris Energy កំពុងដំណើរការ​ផលិត​កម្ម​បូម​ប្រេង​នៅលើ​អណ្តូង​ទាំង​៥ កន្លែង ដោយ​ផលិតកម្ម​ប្រចាំថ្ងៃ ក្នុង​រង្វង់ ២​ពាន់​ប៉ា​រ៉ែ​ល​ក្នុង​មួយថ្ងៃ ហើយ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រុមហ៊ុន​នេះ នឹង​នាំចេញ​ប្រេង​ឆៅ ទៅ​ទីផ្សារ​អន្តរជាតិ ខណៈដែល​ពេលនេះ ក្រុមហ៊ុន​កំពុង​រៀបចំ​សំណុំបែបបទ ដើម្បី​សុំ​គោលការណ៍​នៃ​ការនាំចេញ​៕ ​

មតិយោបល់