ព័ត៌មានជាតិ

កម្ពុជា និងប្រទេសហ្វីលីពីន គឺជាប្រទេសដែលងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលអាកាសធាតុ

ភ្នំពេញៈ ក្រុមអ្នកសិក្សាស្រាវជ្រាវអំពីគ្រោះធម្មជាតិបានបង្ហាញថា ក្នុងចំណោមបណ្តាប្រទេសនានានៃតំបន់អាស៊ីអាគ្នេយ៍ កម្ពុជានិងប្រទេសហ្វីលីពីន គឺជាប្រទេសដែលងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលអាកាសធាតុ ក្នុងកំឡុងពេល២០ឆ្នាំកន្លងមកនេះ ដោយសារគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស ធនធាន និងការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាមទារឲ្យមានការយកចិត្តទុកដាក់ពីប្រទេសអភិវឌ្ឍក៏ដូចជារួមគ្នាដើម្បីដោះស្រាយ។

បើតាមការលើកឡើងពីក្រុមអង្គការសង្គមស៊ីវិល និងមន្រ្តីរដ្ឋាភិបាល ដែលធ្វើការលើបញ្ហាប្រែប្រួលអាកាសធាតុនៅថ្ងៃទី៨ខែវិច្ឆិកានេះថា ប្រជាជនកម្ពុជា ដែលប្រឈមនឹងទឹកជំនន់មានប្រមាណ១,៧លាន នាក់ស្មើនឹង១២,២% ការបាត់បង់ និងខូចខាតដោយសារព្យុះកេតសាណាឆ្នាំ២០០៩ មានទំហំជាទឹកប្រាក់ចំនួន១៣២លានដុល្លារ និងបាត់បង់ជីវិតមនុស្សចំនួន៤៣នាក់ ឆ្នាំ២០១១ ការខូចខាត ដោយសារទឹកជំនន់មានទំហំជាទឹកប្រាក់៥២០លានដុល្លារ និងបាត់បង់ជីវិតមនុស្សចំនួន២៥០នាក់ នៅឆ្នាំ២០១២ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលបានកើតឡើងព្រមគ្នាដែលប៉ះពាល់ដល់ ដំណាំកសិកម្ម ជាច្រើន កង្វះទឹកប្រើប្រាស់ទិន្នផលដំណាំថយចុះ ពិសេសអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺការផ្ទុះជំងឺ លើមនុស្សពិសេសកុមារដូចជា ជំងឺគ្រុនឈាម និងជំងឺផ្តាសាយបក្សីជាដើម និងឆ្នាំ២០១៣ ការខូចខាតដោយសារទឹកជំនន់មានចំនួន២៥៣លានដុល្លារ និងបាត់បង់ជីវិតមនុស្សចំនួន១៦៨នាក់។

នាយកប្រតិបត្តិអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាលោក តឹក វណ្ណរ៉ា លើកឡើងថា« ៤៣%នៃឃុំសរុប ជាឃុំដែលងាយរងគ្រោះបំផុតដោយសារទឹកជំនន់ ហើយប្រជាពលរដ្ឋ មានសមត្ថភាពបន្សាំបរិយាកាសទាប (បន្សាំការប្រែប្រួលអាកាសធាតុ) និងការចូលរួមរបស់អ្នកពាក់ព័ន្ធនៅមានកម្រិត ជាពិសេសការបញ្រ្ជៀបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ ផែនការអភិវឌ្ឍឃុំ និងផែនការ វិនិយោគរបស់ឃុំ គឺពុំទាន់មានយន្តការច្បាស់លាស់ និងស៊ីចង្វាក់គ្នាទៅនឹងផែនការតាមវិស័យនីមួយៗនៅឡើយ »។

លោកបន្ថែមថា ប្រទេសកម្ពុជានឹងបន្តទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដោយសារមានការព្យាករណ៍ថា ភ្លៀងខ្លាំងកើតឡើងកាន់តែញឹកញាប់ ដូច្នេះការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមកើត ឡើងដែលអាចគំរាមកំហែងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងបង្កផលប៉ះពាល់អវិជ្ជមានដល់កិច្ចអភិវឌ្ឍន៍។
ឆ្លើយតបនឹងបញ្ហាទាំងនេះ ប្រជាជនកម្ពុជាពិសេសជនក្រីក្រ និងងាយរងគ្រោះពិតជាត្រូវការចាំបាច់ នូវថវិកា បច្ចេកវិទ្យា សមត្ថភាព និងការគាំទ្រពីប្រទេសអភិវឌ្ឍ ដើម្បីធន់ទ្រាំទៅនឹងអាកាសធាតុដែលកំពុងតែប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ។ កម្ពុជាក៏ជាប្រទេសមួយក្នុងចំណោម ប្រទេសកំពុងអភិវឌ្ឍនៅលើពិភពលោក ដែលបានផ្តល់សច្ចប័នចំពោះអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) ក្នុងឆ្នាំ១៩៩៦ និងជាប្រទេសហត្ថលេខី នៃពិធីសារក្យូតូនៅក្នុងឆ្នាំ២០០២ផងដែរ។

សូមបញ្ជាក់ថា លទ្ធផលនៃការសិក្សារបស់វេទិកា NGO Forum បង្ហាញថាពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៣ ប្រទេសកម្ពុជាបានទទួលហិរញ្ញប្បទានសរុបចំនួន៦៥៥,៦លានដុល្លារ ដែលក្នុងនោះ ៦៤%នៃទឹកប្រាក់នេះគឺជាជំនួយឥតសំណងនិង៣៦%ទៀត គឺជាកម្ចីសម្បទាន។ ថវិកានេះ បានមកពីគម្រោងពាក់ព័ន្ធនឹងអាកាសធាតុក្នុងស្រុកសរុបចំនួន៩៥ ហើយក្នុងនោះមាន៤៣គម្រោងត្រូវបានបញ្ចប់រួចរាល់និង៤៥គម្រោងគឺកំពុងដំណើរការ និង៧គម្រោងមិនទាន់ដំណើរការ។ ក្នុងចំណោមទឹកប្រាក់ដែលប្រទេសកម្ពុជាប្រមូលបានមានទឹកប្រាក់ចំនួន៣៣៨,៨លានដុល្លារ ត្រូវបានប្រើប្រាស់រួចហើយ និងទឹកប្រាក់ចំនួន៣១៦,៨លានដុល្លារទៀតនឹងត្រូវប្រើប្រាស់សម្រាប់រយៈពេលប្រាំពីរឆ្នាំបន្ទាប់ទៀត គឺចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២០៕

ទឹកលិចទឹកលិច

មតិយោបល់