រដ្ឋបាលស្រុកបន្ទាយស្រី បានបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ របស់ខ្លួន ទៅកាន់អ្នកទេសចរណ៍ ដើម្បីអោយពួកគាត់ទៅទស្សនានៅរមណីយដ្ឋាននានា ក្នុងស្រុកបន្ទាយស្រី ខណ:ដែលរដ្ឋបាលស្រុកនោះ បាននឹងកំពុងធ្វើអោយតំបន់របស់ខ្លួនប្រែក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលធំជាងគេ នៅក្នុងចំណោមស្រុកទាំងចំនួន១២ នៃខេត្ដសៀមរាប ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លោកបានអោយដឹងនៅថ្ងៃទី០៧ ខែឧសភានេះថា បច្ចុប្បន្ននេះ ស្រុកបន្ទាយស្រីមានរណីយដ្ឋានទេសចរណ៍សំខាន់ៗ ប្រមាណ១០០កន្លែង ទាំងតំបន់ទេសចរណ៍បង្កើតថ្មី កន្លែងបែបផ្សងព្រេង ប្រាសាទបុរាណ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត ព្រមទាំងទេសចរណ៍ទឹកធ្លាក់ ជាដើម។ លោកបានបន្ដថា ពេលនេះ រដ្ឋបាលស្រុកបាននឹងកំពុងកត់ត្រាតំបន់ទេសចរណ៍សំខាន់ទាំងអស់នោះ បង្ហាញដល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់ទៅទស្សនា ជាពិសេសលោកគ្រោងបង្កើតAppមួយ ដើម្បីយករូបភាពកន្លែងទេសចរណ៍នោះ អោយប្រជាពលរដ្ឋ ( Download ) ចូលមើលឃើញពីតំបន់ទេសចរណ៍ទាំងនោះ អោយមានភាពងាយស្រួលទៅទស្សនា ព្រោះនៅក្នុងអេប ( App )នោះ ផ្ទុកដោយរមណីយដ្ឋានក្នុងស្រុកបន្ទាយស្រីទាំងអស់។ លោកបន្ដថា តំបន់ទេសចរណ៍ ដែលទើបបង្កើតថ្មី ផលិតផលថ្មី បាននឹងកំពុងទាក់ទាញអ្នកទេសចរណ៍ទៅទស្សនាជារៀងរាល់ថ្ងៃ ដូចជាតំបន់ទេសចរណ៍បឹងឈូក, សួនផ្កាក្រអូប, សួនផ្កាអូស្មូ , ទឹកធ្លាក់ភ្នំគូលែនជាដើម ។
ជាមួយគ្នានោះ លោក បាននឹងកំពុងធ្វើអោយតំបន់របស់ខ្លួនប្រែក្លាយជាតំបន់ទេសចរណ៍ ដ៏មានសក្ដានុពលធំជាងគេ នៅក្នុងចំណោមក្រុង ស្រុកទាំង១២ នៃខេត្ដសៀមរាប ដោយសូម្បីតែការធ្វើកសិកម្ម ក៏អាចធ្វើអោយក្លាយជាកសិទេសចរណ៍ផងដែរ។ ទាំងនេះក្នុងគោលបំណងទាក់ទាញអ្នកទេសចរទៅទស្សនា បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋនៅមូលដ្ឋាននេះ។
បើតាមលោក ឃឹ ហ្វីណង់ លោកលើកឡើងថា នៅភូមិឋានពលរដ្ឋមួយចំនួនត្រូវប្រែក្លាយជាភូមិស្អាត បរិស្ថានល្អ ខាងមុខផ្ទះដីចំណីផ្លូវ ក៏ធ្វើកសិកម្មអោយក្លាយជាកសិទេសចរណ៍។ លោកបានលើកឡើងពីភូមិព្រះដាក់ថា បើទោះបីនៅជនបទក្ដី តែជាភូមិមួយមានភាពស្រស់ស្អាត អនាម័យ បរិស្ថាននៅក្នុងសហគមន៍របស់ខ្លួន តួយ៉ាង ដូចជាការរៀបចំការ៉ូឡាផ្លូវដើរ ការចូលរួមដាំដើមផ្កាលម្អតាមមុខផ្ទះ ការដាក់ពង្រាយធុងសំរាម និងការថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អតាមរយ:ការបង្កើតសេវា ” សហគមន៍ស្វ័យគ្រប់គ្រងសំរាម”ក្នុងពេលកន្លងមក។លោក បន្ថែមទៀតថាទាំងអស់នេះដោយសារបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ បានរួមកំលាំងគ្នា ធ្វើឱ្យសហគមន៍គំរូដ៏ប្រពៃ នៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍៕
អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន
មតិយោបល់