(Reuters) ៖ កាលពីថ្ងៃច័ន្ទ ក្រសួងយុត្តិធម៌អាមេរិកបានរឹបអូសរូបបិយប័ណ្ណឌីជីថលប្រមាណជា ២,៣ លាន ជាទឹកប្រាក់ចាប់ជំរិតដែលបានទូទាត់ដោយក្រុមហ៊ុន Colonial Pipeline Co ដែលជាការបង្ក្រាប ក្រុមលួចទិន្នន័យតាមប្រព័ន្ធអ៊ីនធើណែតដោយបានវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាដែលរំខានយ៉ាងខ្លាំងបំផុតក្នុងកំណត់ត្រាសហរដ្ឋអាមេរិក។
អគ្គព្រះរាជអាជ្ញារងលោកស្រី Lisa Monaco បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានរឹបអូសរូបបិយប័ណ្ណឌីជីថល bitcoin ចំនួន ៦៣,៧ bitcoin ដែលពេលបច្ចុប្បន្ននេះ រូបិយប័ណ្ណនោះមានតម្លៃប្រហែល ២,៣លានដុល្លារអាមេរិកដែលត្រូវបានទូទាត់ដោយក្រុមហ៊ុន Colonial (COLPI.UL) បន្ទាប់ពីមានការលួចចូលប្រព័ន្ធរបស់ក្រុមហ៊ុនកាលពីខែមុន ដែលនាំឲ្យមានការខ្វះខាតប្រេងយ៉ាងខ្លាំងនៅឯស្ថានីយ៍ប្រេងឥន្ធនៈនៅតំបន់ East Coast របស់សហរដ្ឋអាមេរិក។
លោកស្រី Monaco បាននិយាយថា ក្រសួងយុត្តិធម៌ “បានរកឃើញ និង រឹបអូសរូបបិយប័ណ្ណនោះបាន យ៉ាងច្រើន” នៃតម្លៃប្រាក់លោះដែលទូទាត់ដោយក្រុមហ៊ុន Colonial។
កាលពីថ្ងៃច័ន្ទ លិខិតបញ្ជាក់មួយបាននិយាយថា ក្រុម FBI មានលេខកូដសម្ងាត់ឯកជនមួយដើម្បីដោះសោកាបូបរូបបិយប័ណ្ណឌីជីថល bitcoin ដែលមានប្រាក់យ៉ាងច្រើន។ វាមិនទាន់ដឹងច្បាស់ទេថា តើ ក្រុម FBI ទទួលបានសិទ្ធិចូលដំណើរការដោះលេខកូដសម្ងាត់សោនោះដោយរបៀបណា។
ចៅក្រមនៅ San Francisco បានអនុម័តការរឹបអូសប្រាក់ពី “អាស័យដ្ឋានដែលទទួលរូបបិយប័ណ្ណឌីជីថលនេះ” ដែលឯកសារបាននិយាយថា មានទីតាំងនៅតំបន់ភាគខាងជើងនៃរដ្ឋ California ។
ក្រុមហ៊ុន Colonial Pipeline បាននិយាយថា ខ្លួនបានបង់ប្រាក់ប្រហែល ៥លានដុល្លារដល់ក្រុមអ្នកលួចទិន្នន័យតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីទទួលការចូលប្រើប្រាស់របស់ប្រព័ន្ធខ្លួនឡើងវិញ។ រូបបិយប័ណ្ណឌីជីថល Bitcoin ដែលជួញដូរបានធ្លាក់ចុះប្រហែល 5% ប្រមាណ 1800 ET (2200 GMT) ។ តម្លៃរបស់ រូបបិយប័ណ្ណឌីជីថល bitcoin បានធ្លាក់ចុះដល់ប្រហែល ៣៤,០០០ដុល្លារ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីបានកើនឡើងដល់ ៦៣,០០០ដុល្លារកាលពីខែមេសា ៕
មតិយោបល់