ព័ត៌មានជាតិ

ខណៈ​ថ្ងៃឱសាន​វាទ​​​កាន់តែ​ជិ​ត​មក​ដល់​​ ម្ចាស់ផ្ទះបណ្តែតទឹក ទាំងផ្ទះតូចទាំងផ្ទះធំ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្ត​រុះ​រើជាបណ្តើរៗហើយ

ខណៈ​ថ្ងៃឱសាន​វាទ​​​កាន់តែ​ជិ​ត​មក​ដល់​​ ម្ចាស់ផ្ទះបណ្តែតទឹក ទាំងផ្ទះតូចទាំងផ្ទះធំ និង សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្ត​រុះ​រើជាបណ្តើរៗហើយ នៅថ្ងៃទី៧និងទី៨ខែ មិថុនានេះ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងគុណភាពទឹកទន្លេ។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានមានប្រសាសន៍ឱ្យដឹងថា ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំគណៈបញ្ជា ការឯកភាពរដ្ឋបាលខណ្ឌ ប្ញស្សីកែវ ដែលមានកម្លាំងចម្រុះ ចុះរដ្ឋបាលត្រួតពិនិត្យ បែត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេបានស្ម័គ្រចិត្តរុះរើបានពី៤ទៅ៥កន្លែងហើយ ហើយក្រៅពីនោះពួកគាត់ក៏បានសន្យាថា នឹងរុះរើជាបណ្តើរៗទៀត ។លោកបន្តថា៖ រដ្ឋបាលខណ្ឌបានកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃដែល អាជ្ញាធរប្រើវិធានការរដ្ឋបាល​ ចុះទៅរុះរើ ដោយមិន​ទទួល​ការ​ខុស​ត្រូវ​រាល់​ការ​ខូចខាត​ និងប្រឈមមុខច្បាប់ថែមទៀត។

ចំណែក លោករស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៨ ខែមិថុនានេះដែរថា ជុំវិញវិធានការផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយតាមដងទន្លេនេះ ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ តែងបានចុះផ្សព្វផ្សាយ និងប្រគល់សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញជូនទៅពួកគាត់គ្រប់គ្នា ដើម្បីឱ្យពួកគាត់ រុះរើសំណង់ទាំងអស់នោចេញមុន១សប្តាហ៍។ ប៉ុន្តែបើគិតមកដល់ត្រឹមថ្ងៃទី០៨ខែមិថុនានេះ បងប្អូន ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេមួយ ចំនួនបានរុះរើជាបណ្តើរៗហើយ ពិសេសគឺបែត្រីតែម្តង ។

ដោយឡែក សម្រាប់ខណ្ឌព្រែកព្នៅវិញ ពាក់ព័ន្ធនឹងការ អនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីខាងលើនេះដែរ បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់ឱ្យដឹងថា ៖នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មាន ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេចំនួន២៩២ កន្លែងស្មើចំនួន៣០៨គ្រួសារ ពួកគាត់ទាំងអស់ត្រូវបានអាជ្ញាធរខណ្ឌប្រគល់សេចក្តីជូនដំណឹងដល់ដៃគ្រប់គ្នាហើយ ។ប៉ុន្តែទោះបីជាយ៉ាង ណាក្តី មន្ត្រីនោះមិនបានបញ្ជាក់ពីការរុះរើផ្ទះទឹកទាំង នេះបានប៉ុន្មាននៅឡើយទេ។

គួរ​រំលឹក​ថា ៖យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែលចុះហត្ថលេខាដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យ​ដឹង​ថា ៖កន្លង​មក​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​បែចិញ្ចឹមត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ីមាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុល បរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខ ភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកមិនស្អាត​ផង​ដែរ​ ។

សេចក្តីជូនដំណឹងបានឱ្យ​ដឹង​ទៀត​ថា ចំពោះ​មុខ ដើម្បី​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុប​បំបាត់​បាតុភាព​អសកម្ម​ខាងលើរដ្ឋបាល​​រាជ ធានីភ្នំពេញ តម្រូវ​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូច​ៗ និង​ម្ចាស់​សំណង់​មិនរៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើឬ​ចល័ត​ចេញជាបន្ទាន់ ដោយ​ទុក​រយៈ ពេល ០១ (​មួយ​) ស​ប្ដា​ហ៍ គិត​ចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះ​តទៅ​។ ផុត​រយៈពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធាន ការរដ្ឋបាលដោយពុំទទួល ខុសត្រូវរាល់ការខូចខាត ឬ​ការ​បាត់បង់​ណាមួយ​ឡើយ ហើយ​ក្នុងករណីរឹងរូស អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវ ច្បាប់។ទន្ទឹមនឹងនេះ រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ប្តូរ​ទ​ម្លា​ប់ពី​ការ​ចិញ្ចឹម​ត្រី​តាម​បែ​លើផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ​៕

មតិយោបល់