(Reuters) ៖ កាលពីចុងសប្តាហ៍ ក្រុមអន្ធពាលបានឆ្មក់ចូលប៉ុស្តិ៍នគរបាលជាច្រើនកន្លែងដើម្បីប្លន់យកអាវុធនៅរដ្ឋធានី Port-au-Prince របស់ប្រទេសហៃទី នៅក្នុងការវាយប្រហារដ៏សាហាវមួយ ខណៈដែលអំពើហឹង្សារវាងក្រុមប្រដាប់អាវុធបានផ្ទុះឡើងដោយមានជម្លោះយ៉ាងខ្លាំងនៅក្នុងសង្កាត់មួយនៅភាគខាងត្បូងដែលបង្ខំឲ្យប្រជាជនរាប់ពាន់នាក់ភៀសខ្លួន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមអន្ធពាលបានរីករាលដាលនៅក្នុងប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិក ចំពេលដែលភាពចលាចលនយោបាយ និងភាពវឹកវរសេដ្ឋកិច្ចដែលកំពុងកើនឡើង។ ក្រុមប្រដាប់អាវុធមានអាវុធលើសកម្លាំងសន្តិសុខរបស់ហៃទី និងមានការប្រយុទ្ធគ្នាទៅវិញទៅមកដើម្បីដណ្តើមយកទឹកដីបានកើនឡើង។
កាលពីថ្ងៃអាទិត្យ អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃអំពើហិង្សាដែលកំពុងកើនឡើងលើជនស៊ីវិលដោយបានរំលឹកពីឧប្បត្តិហេតុស្រដៀងគ្នានេះកាលពីឆ្នាំមុនដែលបានបង្ខំឲ្យប្រជាជនរាប់ពាន់នាក់ភៀសខ្លួន។
ប្រទេសហៃទីក៏កំពុងប្រឈមមុខនឹងការកើនឡើងនៃករណីជំងឺរាតត្បាតកូវីត ១៩ ហើយកំពុងជំរុញឲ្យមានការធ្វើប្រជាមតិមួយនៅចុងខែមិថុនាអំពីរដ្ឋធម្មនុញ្ញថ្មីមួយ។
ភ្នាក់ងារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកវាយប្រហារបានវាយឆ្មក់ប៉ុស្តិ៍នគរបាលចំនួន ០៦ កន្លែងនៅចុងសប្តាហ៍ ដោយបានសម្លាប់នគរបាល ០៣ នាក់ និងបានដុតសាកសពរបស់ពួកគេនៅក្នុងការវាយប្រហារមួយ។ អធិការនគរបាលម្នាក់ដែលមិនព្រមប្រគល់អាវុធត្រូវបានបាញ់សម្លាប់ក្នុងការវាយប្រហារមួយផ្សេងទៀត ។
នៅថ្ងៃអាទិត្យនេះ ស្នងការនគរបាលជាតិលោក Leon Charles បានបញ្ជាក់ពីការវាយប្រហារចំនួន ០២ ករណី និងការស្លាប់របស់អធិការដោយប្រាប់សន្និសីទសារព័ត៌មានថា អាជ្ញាធរកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអន្ធពាលទាំងនេះ។
លោកបាននិយាយថា នគរបាលបានកាន់កាប់ផ្លូវល្បឿនលឿនឡើងវិញ ដែលជាផ្លូវនោះឆ្ពោះទៅភាគខាងត្បូងពីរដ្ឋធានីដែលត្រូវបានបិទដោយសង្គ្រាមរបស់ក្រុមជនពាលនៅជុំវិញសង្កាត់ដែលមានបញ្ហានៅ Martissant ចាប់តាំងពីថ្ងៃពុធ ។
មតិយោបល់