នៅចំពោះមុខអង្គសភា កាលពីថ្ងៃចន្ទទី៧មិថុនា លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានគម្រោងបើកការចរចាជាមួយតៃវ៉ាន់ ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។ សេចក្តីលំអិតយ៉ាងណា ទាក់ទិននឹងការចរចានេះ គឺលោកស្រី កាតឺរីន តៃ មន្ត្រីអាមេរិកទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម នឹងមកឆ្លើយបំភ្លឺនៅថ្ងៃខាងមុខ។

គួរកត់សំគាល់ថា ប្រសិនបើសហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយកោះតៃវ៉ាន់មែននោះ នោះចិនប្រាកដជាមិនសប្បាយចិត្តនោះទេ ព្រោះថាសម្រាប់ចិន តៃវ៉ាន់គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន ដោយគ្មាននរណាអាចរំលងចិន ទៅចុះកិច្ចព្រមព្រៀងជាមួយតៃវ៉ាន់ ដោយផ្ទាល់បានឡើយ។
សូមរំលឹកថា សហរដ្ឋអាមេរិក បានសម្រេចទទួលស្គាល់ សាធារណរដ្ឋចិនប្រជាមានិត នៅឆ្នាំ១៩៧៩ ហើយបានផ្តាច់ចំណងការទូតជាផ្លូវការ ជាមួយតៃវ៉ាន់។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក នៅតែរក្សាទំនាក់ទំនងមិនផ្លូវការជាមួយតៃវ៉ាន់ ហើយអាមេរិកគឺជាអ្នកផ្គត់ផ្គង់ គ្រឿងសព្វាវុធច្រើនជាងគេបង្អស់ ទៅឲ្យតៃវ៉ាន់។ យ៉ាងណាមិញ កាលពីថ្ងៃចន្ទ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា តៃវ៉ាន់មានសិទ្ធិការពារខ្លួន ហើយសហរដ្ឋអាមេរិក នឹងនៅតែបន្ត ផ្គត់ផ្គង់សម្ភារៈសព្វាវុធ ដើម្បីជួយតៃវ៉ាន់ ក្នុងការការពារខ្លួន។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្ហាញសញ្ញាជាញឹកញាប់ ប្រាប់ទៅតៃវ៉ាន់ ថាចិននឹងប្រើកម្លាំង វាយសង្គ្រប់នៅថ្ងៃណាមួយដែលចាំបាច់ ប្រសិនបើតៃវ៉ាន់ ហ៊ានប្រកាសឯករាជ្យ។

ដោយឡែក កាលពីថ្ងៃអាទិត្យ សប្តាហ៍កន្លងទៅ គណប្រតិភូសមាជិកព្រឹទ្ធសភាអាមេរិក មានគ្នា៣នាក់ បានទៅដល់ទីក្រុងតៃប៉ិ ហើយបានប្រកាសថា អាមេរិកនឹងផ្តល់ជំនួយជាវ៉ាក់សាំង ចំនួន៧៥ម៉ឺនដូស ដល់កោះតៃវ៉ាន់។ ទាក់ទិនបញ្ហាកូវីដ១៩នេះ តៃវ៉ាន់បានចោទចិន ថាបានប្រើមធ្យោបាយផ្សេងៗ រារាំងមិនឲ្យតៃវ៉ាន់ អាចទទួលបានឱសថព្យាបាល និងវ៉ាក់សាំងប្រឆាំងកូវីដ១៩។ តៃវ៉ាន់ដែលមានប្រជាជនប្រមាណជាង២៣លាននាក់ រហូតមកទល់ពេលនេះ បានទទួលវ៉ាក់សាំង AstraZeneca ចំនួនជាង៧២ម៉ឺនដូស និងវ៉ាក់សាំង Moderna ចំនួន ១៥ម៉ឺនដូស តែប៉ុណ្ណោះ៕
មតិយោបល់