ព័ត៌មានជាតិ

សង់សេ១២៥ បោលបុកកូរេ ពីក្រោយពេញទំហឹង របួសធ្ងន់-ស្រាល៥នាក់

ភ្នំពេញៈ គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​បង្ក​ឡើង​ដោយ​​​ម៉ូតូ​ហុងដា​​ មួយគ្រឿង ​បើរបរ​យ៉ាង​លឿន​ជ្រុល​បុក​ម៉ូតូ​សង់​កូរ៉េ ពីក្រោយ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​៣នាក់​សន្លប់ ​ស្ដូក​ ​ មនុស្ស​២​នាក់​ទៀត​រង​របួស​ស្រាល ​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦​ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

អ្នកឃើញ​ហេតុការណ៍​ បាន​និយាយថា​ ​អ្នកបើក​បរ​ម៉ូ​តូ​ហុងដា​ឌ្រី​ម​សេ​១២៥ ​សេ​រ៊ី​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-0031 ​ជិះ​គ្នា​៣​នាក់ ​បើកបរ​ដោយ​ឈ្មោះ​ រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ កម្មករ​សំណង់ រងរបួស​ធ្ងន់ ​​អ្នក​រួម​ដំណើរ​ដោយ​ឈ្មោះ ដេ​ត ធន់ ហៅ​ខូ ភេទ​ប្រុស ​អា​យុ​១៩​ឆ្នាំ មុខរបរ ​កម្មករសំណង់ ​រងរបួស​ស្រាល​ និង​ម្នាក់ទៀត​ឈ្មោះ ហ៊ីម បុ​ទុម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ ​កម្មករសំណង់ រងរបួស​ស្រាល។ ជនរងគ្រោះ ទាំង​៣​នាក់ ​ស្នាក់នៅ ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ស្រុកកំណើត ​នៅ​ភូមិ​ដងទង់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គ​ជ័យ ខេត្តកំពត។​ ដោយឡែក ​ភាគី​ម៉ូតូ មួយ​គ្រឿង​ទៀត​ម៉ាក​ សង់​កូរ៉េ ពណ៌​ក្រហម កញ្ចាស់ គ្មាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់​មិន​ស្គាល់ឈ្មោះ​ ជនរងគ្រោះ ​ស្ថិតក្នុង​សភាព​របួស​ធ្ងន់ធ្ងរ ​សន្លប់​ឈឹង សល់​តែ​ដង្ហើម​ចង្រិត។

ក្រោយពេល​កើតហេតុ ​ជនរងគ្រោះ​​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ ​ដើម្បី​ជួយសង្គ្រោះ។ រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន ​នគរបាល​ជំនាញ វាស់វែង​រួច​យក​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរ​ផ្លូវគោក​គោក​នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​តាម​នីតិវិធី៕

765

មតិយោបល់