ព័ត៌មានជាតិ

ម៉ូតូបុកកង់ពីក្រោយពេញទំហឹង បណ្តាលឲ្យលោកតាអាយុ៧០ឆ្នាំម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសចំណាស់វ័យ៧០ឆ្នាំម្នាក់ កំពុងជិះកង់ត្រូវម៉ូតូបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ ក្រោយពេលបានបញ្ជូនទៅដល់ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងអ្នកបើកម៉ូតូ ដែលជាជនបង្ករងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង០០ នាទីយប់ រវាងម៉ូតូបុកកង់ ក្នុងទិសដៅស្របទិសគ្នាពីកើតមកលិច នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិចារឹក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

របាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ជនបង្កឈ្មោះឌុច ណាត់ ភេទ ប្រុស អាយុ២៥ឆ្នាំ ជន ជាតិខ្មែររស់នៅភូមិចារឹក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់បានបើកបរម៉ូតូ ម៉ាកអ៊ិចសេនធ័រ គ្មានផ្លាកលេខ គ្មានកញ្ចក់មើលក្រោយ មិនពាក់មួកសុវត្ថិភាព ដោយល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច បានមកបុកកង់របស់ជនរងគ្រោះឈ្មោះ រស់ ម៉ៅ ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលកំពុងជិះក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ ត្រូវចំក្បាលផ្នែកខាងក្រោយ ។

ករណីនេះត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារជួយអន្តរាគមន៍ ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីព្យាបាល ប៉ុន្តែដោយសារជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ដែលធ្វើឲ្យក្រុមគ្រូពេទ្យ មិនអាចជួយសង្រ្គោះរូបគាត់បាន ដូច្នេះហើយគាត់ក៏បានទទួលមរណភាពទៅ ហើយត្រូវបានរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកបញ្ជូនសពជនរងគ្រោះមកប្រគល់ជូនក្រុមគ្រួសារ នៃសពមកដល់លំនៅដ្ឋាន ដើម្បីតម្កល់ធ្វើបុណ្យតាមគន្លងប្រពៃណី ។

បច្ចុប្បន្នជនបង្ក ក៏មានរបួសស្នាមធ្ងន់ធ្ងរដែរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

ចំពោះវត្ថុតាង (ម៉ូតូនិងកង់) សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីបំពេញបែបបទទៅតាមនីតិវិធី ៕

មតិយោបល់