ព័ត៌មានជាតិ

លោក Keisuke Honda បាន​ប្រាប់​កូន​ក្រុម​ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ទាំង​លើ​ចំណុច​វិជ្ជមាន និង​ចំណុច​ខ្វះខាត

លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រាប់​កូន​ក្រុម​ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ទាំង​លើ​ចំណុច​វិជ្ជមាន និង​ចំណុច​ខ្វះខាត ដើម្បី​ធ្វើការ​កែ​លម្អ​សម្រាប់​ភាព​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត។​

​ការ​លើក​ឡើង​នេះ បន្ទាប់ពី​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ បាន​មើល​ឃើញ​ទាំង​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមានក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​អ៊ីរ៉ាក់ ដែល​កម្ពុជាបាន​រង​បរាជ័យ​ដោយ​លទ្ធផល ៤-១ នៅ​ក្នុង​ជំនួប​ជើង​ទី​២ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភព​លោកឆ្នាំ​២០២២ កាលពី​រាត្រី​ថ្ងៃ​ចន្ទ​កន្លងទៅ។​

​ក្រោយ​ការប្រកួត​នេះ លោក Keisuke Honda បាន​និយាយ​ទៅកាន់​កូន​ក្រុម​ថា នៅ​តង់​ទី​១ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​គ្នា​ធ្វើ​បាន​ល្អ ដោយ​បាន​បង្កើត​ឱកាស​បាន​ច្រើន។ រីឯ​តង់​ទី​២ ពួកគេ​បន្ដ​ធ្វើ​ការងារ​បាន​ល្អ ហើយ​បាន​បង្កើត​ឱកាស​រក​គ្រាប់​បាល់ ១​គ្រាប់ ប៉ុន្តែ​កុំ​គិត​ថា ការ​ស៊ុត​ចូល​នេះជា​អ្វីៗ​ទាំងអស់ អ្វី​ដែល​សំខាន់​នោះគឺ​ការ​លេង​របស់​ក្រុម ព្រោះ​នៅ​តង់​ទី​២ ទោះបី​ក្រុម​ខ្លួន​រក​បាន​គ្រាប់​បាល់​មែន តែ​ការ​បង្កើត​ឱកាស​តិច​ជាង​តង់​ទី​១ ហើយ​ក៏​មាន​ចំណុច​ខ្វះខាត​ច្រើន​ផង​ដែរ។​

គួរ​បញ្ជាក់​ថា ក្រុម​គោព្រៃ​កម្ពុជានៅសល់​បេសកកម្ម ១​ប្រកួត​ទៀត ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកនៅ​ប្រទេស​បា​រ៉ែ​ន ដោយ​ត្រូវ​ជួប​ក្រុម​កម្រិត​ខ្ពស់​ជាង​អ៊ីរ៉ាក់ និង​បា​រ៉ែ​នគឺ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់នា​ថ្ងៃ​ទី​១១ ខែមិថុនា​ខាងមុខ ខណៈ​លោក Keisuke Honda ក៏បាន​បញ្ជាក់​ប្រាប់​កូន​ក្រុម​ហើយ​ដែរ​ថា ត្រូវ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ដោយ​ក្ដី​រីករាយ ដើម្បី​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំងដូចជា​អ៊ីរ៉ង់៕

មតិយោបល់