ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តកាមរីហាយប៊្រីតមួយគ្រឿង ក្នុងល្បឿនលឿនរេចង្កូតឡើងលើខឿនផ្លូវ ទៅបុករះចំណតរថយន្តក្រុង និងបង្គោលដាក់ភ្លើងស្តុប បណ្តាលឲ្យភ្លើងស្តុបនៅខាងលើ បាក់ធ្លាក់មកក្រោម រងការខូចខាតស្ទើរទាំងស្រុង។ ចំណែកតៃកុងរថយន្តបង្ក រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកាមរីហាយប៊្រីតមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2-AX 5549 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងលើខឿនផ្លូវ រួចបន្តទៅបុករះចំណតរថយន្តក្រុង បាក់រងការខូចខាតទាំងស្រុង និងទៅបុកបង្គោលដាក់ភ្លើងស្តុប សញ្ញាប្រុងប្រយ័ត្នបណ្តាលឲ្យភ្លើងស្តុបនៅខាងលើ បាក់ធ្លាក់មកដល់ដី។ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតស្ទើរគ្មានសល់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យជុំវិញកន្លែងកើតហេតុ ហើយក៏ទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចរថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់